ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចកាស៊ីណូត្រូពិចកាណា ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៣០នាទី នៅចំណុចកាស៊ីណូត្រូពិចកាណា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យម្នាក់ ។

បន្ទាប់ពីទទួលបានព័ត៌មានករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកើតហេតុខាងលើ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបភ្លាមៗ នៅនឹងកន្លែងតែម្តង រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សាន សាក់ ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត។

ដកហូតវត្ថុតាងរួមមាន៖
-គ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន ០៣កូនថង់ ស្មើ ១.១៧ក្រាម
-គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ១០គ្រាប់ ស្មើ ១.២០ក្រាម
-សំបកចង់ច្រកគ្រឿងញៀនប្រើប្រាស់រួច ចំនួន ០៣ ។

ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ដោយបានការអនុញ្ញាតពីលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ លោក ស ប៊ុនសឿង បានបន្តថា៖ ក្រោយធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានទទួលគ្រឿងញៀនពីមិត្តភ័ក្ត ដើម្បីទុកប្រើប្រាស់បន្ទាប់ពីដើរលេងរួច។ តាមរយ:ចម្លើយសារភាពរបស់ជនសង្ស័យ និងធ្វើតេស្តរកសារធាតុញៀន បញ្ជាក់ថា ជនសង្ស័យខាងលើពិតជាបាន ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ពិតប្រាកដមែន ។

យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត យោងលើវត្ថុតាង និងយោងលើការធ្វើតេស្តរកសារធាតុញៀន ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់