ព័ត៌មានជាតិ

លុចស៊ីស RX៣៣០ បុកឌ្រីមសង់ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់

សៀមរាប: កាលពីវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤៥-៣៤៦ ភូមិស្វាយ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍។

រថយន្តម៉ាកលុចស៊ីស RX៣៣០ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2D-2662 អ្នកបើកបររត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុសម្ថកិច្ច បានទៅដល់ទីតាំងខាងលើ ដោយឃាត់អ្នករួមដំណើរជាមួយរថយន្តម្នាក់ ឈ្មោះ ប៊ុន ឈៀង ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិវត្តលៀប ឃុំចម្ការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង មុខរបរគ្រូរបង្រៀន យកមកសួរនាំ។

តាមការឆ្លើយបំភ្លឺបុរសខាងលើ បានឲ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ វៀច ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិវត្តលៀប ឃុំចម្ការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង មុខរបរលក់ដូរ ធ្វើដំណើរពីកើតទៅលិច មកដល់ត្រង់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1J-6161 បើកបរដោយឈ្មោះ តឹក ហើម ភេទប្រុស អាយុ២៥ រស់នៅភូមិស្វាយ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប មុខរបរធ្វើស្រែ ធ្វើដំណើរពីលិចទៅកើត បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ឈ្មោះ តឹក ហើម នៅកន្លែងកើតហេតុតែម្តង។

មូលហេតុ៖ អ្នកបើកម៉ូតូ បើកបរមិនប្រកាន់ស្តាំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះទៅវាស់វែង និងយកវត្ថុតាង យកមកអង្គភាព ដើម្បីចាត់ការតាមនិតិវិធី ដោយសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់