ព័ត៌មានជាតិ

រថយន្តធុនធំដឹកទំនិញ ពន្លលុចស៊ីសRX400h វិលក្បាលសឹងមួយជុំ រងការខូចខាត

ភ្នំពេញ: រថយន្តដឹកទំនិញធុនធំ ១គ្រឿងបើកបោះពួយលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តលុចស៊ីសRX400hមួយគ្រឿង កំពុងបើកឆ្លងផ្លូវចំពេញទំហឹង កាលពីវេលាម៉ោង៦យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចខាងជើងសាលាខណ្ឌសែនសុខប្រមាណ៥០០ម៉ែត្រ តាមបណ្ដោយផ្លូវហាណូយ កែងនិងផ្លូវ១៩៦៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿង ម៉ាកលុចស៊ីសRX400h ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AC-8151 រួមដំណើរជាមួយប្រពន្ធនិងកូនតូចម្នាក់ទៀត ធ្វើដំណើរកើតទៅលិចតាមបណ្ដោយផ្លូវ១៩៦៦។

មកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានបើកឆ្លងផ្លូវហាណូយ បំណងបត់ឆ្វេង តែពេលឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តម៉ាកហ្វូយហ្សូរ ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញ១១តោន ពាក់ស្លាកលេខភ្នំពេញ3A-2673 បើបរដោយបុរសម្នាក់ ពីត្បូងទៅជើងតាមបណ្ដោយផ្លូវហាណូយ ក្នុងល្បឿនយ៉ាងលឿនដូចហោះ មិនប្រយ័ត្នបានបុករថយន្តខាងលើពេញទំហឹង បណ្ដាលឲ្យរថយន្តលុចស៊ីសវិលក្បាលទៅខាងជើង រងការខូចខាតធ្លាក់កាង និងក្រពឹតផ្នែកខាងមុនចំហៀងខាងឆ្វេងយ៉ាងដំណំ។

ចំណែកឯរថយន្តបង្ក បានរងការខូចខាតបែកចង្កៀង និងក្រពឹតផ្នែកខាងមុនចំហៀងខាងស្តាំបន្តិចបន្តួច។ ករណីនេះ មិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ ហើយដោយភាគីទាំងពីរសម្របសម្រួលគ្នាមិនបាន សមត្ថកិច្ចជំនាញក៏បានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ពេលក្រោយ៕

មតិយោបល់