ព័ត៌មានជាតិ

លើកទីមួយបានសម្រេចជាប់ចិត្តមកលើកទីពីរមានអី…

ភ្នំពេញ: នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទី ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងចំណោមគ្នា ២នាក់ ពីបទលួចម៉ូតូ ដែលប្រព្រឹត្តកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៤០នាទី ត្រង់ចំណុចមុខផ្ទះលេខ១៤ (បុរីប៉េងហួត) ផ្លូវលេខP១០ ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះឈ្មោះ សុខ បូរិទ្ធ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះកើតហេតុ។
ជនសង្ស័យឈ្មោះ ហេង ចម្រើន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានទុកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1GM-2508 នៅចំណុចកើតហេតុ ដោយចាក់សោកម៉ូតូត្រឹមត្រូវ រួចចូលទៅសម្រាកក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យ២នាក់ ឈ្មោះហេង ចម្រើន និង ឈ្មោះសុខ ល័ក្ខ ជិះម៉ូតូ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1I-9332 មកឈប់ក្បែរម៉ូតូជនរងគ្រោះ រួចជនសង្ស័យឈ្មោះ ហេង ចម្រើន យកដែកចុងស្រួចតភ្ជាប់កូនសោលេខ៨ ធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ ហើយនាំគ្នាជិះគេច ខ្លួនយកទៅលក់ឲ្យគេនៅខេត្តកំពង់ស្ពឺ បានលុយ ៤៥០ដុល្លារ ចែកគ្នាស៊ីចាយអស់ បន្ទាប់មកជនរងគ្រោះក៏ទៅឆែកកាមេរ៉ាសុវត្តិភាពបុរីប៉េងហួតឃើញជនសង្ស័យទាំង ០២នាក់ខាងលើ ធ្វើសកម្មភាពលួចម៉ូតូ ក៏មកដាក់ពាក្យបណ្តឹងសមត្ថកិច្ច។

លុះដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង១១និង០០នាទី ជនសង្ស័យទាំង ០២នាក់ជិះម៉ូតូរបស់ខ្លួនម៉ាកខាងលើ មកបុរីប៉េងហួត រកលួចម៉ូតូម្តងទៀត ក៏ត្រូវបានសន្តិសុខបុរីប៉េងហួតឃើញ រាយការណ៍ប្រាប់សមត្ថកិច្ចដេញតាមជនសង្ស័យដល់ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ធ្វើការឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ ហេង ចម្រើន ដកហូតម៉ូតូ០១គ្រឿង, ដែកចុងស្រួចតភ្ជាប់កូនសោលេខ៨មួយ និងមួកសុវត្ថិភាព០២ (ពណ៌ស-ខ្មៅ) បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ចំណែកជនសង្ស័យឈ្មោះសុខ ល័ក្ខ រត់គេចខ្លួនបាត់៕

មតិយោបល់