ព័ត៌មានជាតិ

សង្ស័យម្ចាស់ស្រវឹង រថយន្ត TUNDRA ពន្លះបង្គោលភ្លើង និងស្លាកចរាចរណ៍បាក់រាបដល់ដី

ភ្នំពេញ: បុរសម្នាក់ រួមដំណើរមនុស្សពីរនាក់ទៀត ទំនងជាស្រវឹងស្រា បានបើករថយន្តទំនើបមួយគ្រឿង បោះពួយយ៉ាងលឿន បួងចង្កូតមិនទាន់ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងបង្គោលស្លាកចរាចរណ៍មួយដើម បាក់រាបដល់ដី តែសំណាងល្អមិនបង្កឲ្យនណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១ និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ កែងផ្លូវព្រះស៊ីហនុចំណុចអាងទឹកអូឡាំពិច ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចម្ការមន។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរនិងមិត្តភក្ដិពីរនាក់ទៀត បើករថយន្តមួយគ្រឿងម៉ាកTUNDRA ពណ៌សូកូឡា ពាក់ស្លាកលេខ ភ្នំពេញ2AY 3841 ធ្វើដំណើរពីលិចទៅកើតយ៉ាងលឿន មកដល់ចំណុចកើតហេតុ បួងចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងបង្គោលស្លាកចរាចរណ៍ បាក់អូសរប៉ាត់រប៉ាយពេញផ្លូវ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយហេតុការណ៍ម្ចាស់រថយន្ត និងបក្ខពួក បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏ទាក់ទងទៅជំនាញ ឲ្យវាស់វែងស្ទូចយករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំឲម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់