ភ្នំពេញៈ ម៉ូតូម៉ាកហុនដាឌ្រីម បើកដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បុកពីក្រោយរថយន្តប្រភេទសណ្តោង បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់យ៉ាងរន្ធត់
កាលពីវេលាម៉ោង៥ និង០០នាទីល្ងាចថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ថនៈតេលាមួយកន្លែង ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ម៉ូតូម៉ាកហុនដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ឡើងតែមឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ចាម1N 8111 ជិះដោយបុរសរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ស្លាប់នៅកន្លែងកើតហេតុ ចំណែកម៉ូតូខូចខាតកំណាត់មុខ។
រថយន្តប្រភេទសណ្តោងក្បាល ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3E 4805 ដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកដោយបុរសម្នាក់ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ពីកើតទៅលិចស្របគ្នា ជាមួយម៉ូតូខាងលើ លុះមកដល់ចំណុចកើតហេតុម៉ូតូ បានជ្រុលបុករថយន្តពីក្រោយ បណ្តាលឲ្យម៉ូតូដួលឡើងទ្រូងផ្លូវ អ្នកជិះម៉ូតូខ្ទាតទៅមុខស្លាប់យ៉ាងរន្ធត់ ភ្លាមៗនោះតៃកុងរថយន្ត ព្យាយាមបើកទៅមុខបានប្រមាណ១០០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ក្រោយពេលកើតហេតុ សពត្រូវបានដឹកទៅតម្កល់ទុកនៅវត្តទឹកថ្លា ក្នុងខណ្ឌសែនសុខ ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែក រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង រួមទាំងយកតៃកុងរថយន្ត ទៅកាន់ទុកនៅការិយាល័យផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕










មតិយោបល់