ភ្នំពេញៈ យុវសិស្សវ័យ១៥ឆ្នាំម្នាក់ បានជិះម៉ូតូទៅបុករថយន្តពេញទំហឹង បណ្ដាលឲ្យបាក់ជើងឆ្វេងសន្លប់ស្តូក កាលពីវេលាម៉ោង២ និង១៥នាទីរសៀលថ្ងៃទី ១៤ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចមុខ ផ្លូវចូលអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ក្នុងភូមិគៀនឃ្លាំ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ម៉ូតូម៉ាក ស៊ូមើអ៊ិចបិត តែមពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1FJ 4126 ជិះដោយយុវសិស្សរងគ្រោះ ឈ្មោះ ចក់ ឆៃឡាយ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងរាជធានីភ្នំពេញ មានស្រុកកំណើត នៅស្រុកកងមាស ខេត្តកំពង់ចាម។
រថយន្តដឹកទឹកកក ម៉ាកគា ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1AT-4016 បើកដោយឈ្មោះ ហយ សុភីត ភេទប្រុស អាយុ២២ឆ្នាំ បើករថយន្តរបស់ក្រុមហ៊ុនសួនសួនគ្រុប ស្នាក់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦អា ទិសដៅពីជើងទៅត្បូង ស្របគ្នាជាមួយម៉ូតូខាងលើ ដោយម៉ូតូបើកពីក្រោយ លុះមកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្វេងឆ្លងផ្លូវ ក៏ត្រូវម៉ូតូទៅត្រង់បើកលឿន ជ្រុលបុករថយន្តពីឆ្វេងពេញទំហឹង បណ្តាលឲ្យម៉ូតូដួលអ្នកជិះរងរបួសបាក់ជើងឆ្វេង សន្លប់ស្តូកនៅនឹងកន្លែង។
ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានដឹកទៅមន្ទីពេទ្យកាលម៉ែត ចំណែក រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង រួចបាននាំខ្លួនតៃកុងរថយន្ត និងវត្ថុតាងទៅរក្សាទុកនៅការិយាល័យផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕
មតិយោបល់