ព័ត៌មានជាតិ

ទុកឲ្យកូនគេងក្នុងរថយន្ត ដោយបញ្ឆេះចោល ត្រូវជនសង្ស័យឆ្លៀតឱកាស លួចទាំងរថយន្ត និងកូន ស្លុតពេក ម្ដាយទ្រហោយំដល់សន្លប់បាត់ស្មារតី

ភ្នំពេញ: ឪពុកទុកកូនគេងក្នុងរថយន្ត ដោយបញ្ឆះរថយន្តចោល មានទាំងសោជាប់រថយន្ត ក៏ត្រូវចោរលួចទៅបាត់ទាំងកូន២នាក់ ធ្វើឲ្យម្ដាយស្រែកទ្រហោយំ រហូតដួលសន្លប់ជាច្រើនដង។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៨យប់ថ្ងៃសុក្រទី ១៤ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតនៅផ្លូវ ១៤៣ កែងនិងផ្លូវ២៧៨ ទល់មុខហាងកាហ្វេ សង្កាត់អូរឡាំពិក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្ដាយមានឈ្មោះ ពៅ បុប្ផា អាយុ ៣៨ឆ្នាំ និងប្ដីឈ្មោះ ណុប ពិសី អាយុ ៣៨ឆ្នាំ បានជិះរថយន្តម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S.4126 ពីផ្ទះមកលក់ដូរ មានបុកល្ហុងប្រហិត នៅផ្លូវកើតហេតុខាងលើ ដោយឃើញកូន តូចអាយុពីរខែ និងបងម្នាក់ទៀត អាយុ ១១ ឆ្នាំកំពុងគេង ក៏បញ្ឆេះរថយន្តទុកកូនឲ្យដេកនៅក្នុងនោះ មួយសន្ទុះក្រោយមកក៏មានជនសង្ស័យ មានគ្នា២នាក់ ជិះម៉ូតូឃ្លិច មិនចាំស្លាកលេខ បានចុះដើរក្រឡឹងរថយន្ត ២ទៅ៣ជុំ រួចធ្វើសកម្មភាពលួចរថយន្តទៅបាត់ ម្ដាយឪពុកភ័យស្លន់ស្លោទ្រហោយំ រាយការណ៍ ទៅសមត្ថកិច្ច ផ្អើលអាជ្ញាធរមានសមត្ថកិច្ចទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដេញស្ទាក់ចាប់បានរថយន្ត ត្រង់ចំណុចក្បាលថ្នល់ រីឯជនសង្ស័យបានរត់គេចខ្លួន បាត់ស្រមោល ។

ប្រភពដដែលបានបន្តទៀតថា ក្រុមជនសង្ស័យ បានធ្វើសកម្មភាពពីកន្លែងមួយ ទៅកន្លែងមួយ ដោយប្ដូរតៃកុងរថយន្តចំនួន៤ លើកស្មើនឹង ៤នាក់ ។ បន្ទាប់ពីសមត្ថកិច្ចដេញស្ទាក់ យករថយន្តនិង កូនៗតូចពីរនាក់បងប្អូនបានមកវិញ ហើយនាំយកពួកគេទៅអធិការដ្ឋានគរបាលខណ្ឌចម្ការមន ដើម្បីធ្វើការសាកសួរនិងធ្វើការស្រាវជ្រាវស្វែង រកក្រុមជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់