ព័ត៌មានជាតិ

ទប់កំហឹងមិនជាប់ ព្រោះទឹកប្ដូរនិស្ស័យ កូនបង្កើត ទាញចបវាយឪពុកទាំងកំរោល ចុងក្រោយជាប់ខ្នោះ

ភ្នំពេញ: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាក្នុងគ្រួសារ នៅផ្ទះលេខ២១២ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២១ និង០០នាទី។

ជនរងគ្រោះឈ្មោះ អៀង ភន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យឈ្មោះ ខឹម វាសនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះកើតហេតុ។

ដំណើររឿង៖ មុនពេលកើតហេតុនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២១និង០០នាទី ជនសង្ស័យបានផឹកស្រាស្រវឹង នៅផ្ទះកើតហេតុ ពេលនោះជនរងគ្រោះជាឪពុកបង្កើត ត្រលប់មកពីរត់ម៉ូតូឌុបវិញ ក៏បានស្តីបន្ទោសជនសង្ស័យថា «ហ្អែងគ្មានសិទ្ធផឹកស៊ី ស្រែកឡូឡាក្នុងផ្ទះនេះទេ ព្រោះហ្អែងមានប្រពន្ធកូន នៅខេត្តបាត់ដំបងហើយ»។

ពេលនោះជនសង្ស័យខឹង ក៏បានយកដងចបវាយជនរងគ្រោះ៤ដំបង ត្រូវចំខ្នង៣ដំបង និងត្រូវប្រអប់ដៃឆ្វេង១ដង រួចគេចខ្លួនបាត់។

លុះព្រឹកឡើងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះ ក៏មកដាក់ពាក្យបណ្តឹងសមត្ថកិច្ច។ រហូតដល់ម៉ោង០៩និង៣០នាទីថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ចូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

សូមបញ្ជាក់៖ កន្លងមកជនសង្ស័យ ធ្លាប់ផឹកស៊ីស្រែកឡូឡា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនដង និងប្រើប្រាស់គ្រឿងញៀនផងដែរ៕

មតិយោបល់