កំពង់ចាមៈ នៅព្រឹកថ្ងៃទី៩ តុលា ២០១៦ ស្នងការនគរបាលខេត្តកំពង់ចាម បានបើកដំណើរការប្រឡងជ្រើសរើសមន្ត្រីនគរបាលជាតិឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ ដើម្បីឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ដែលធ្វើឡើងនៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។
ក្នុងការបើកដំណើរការប្រឡងនោះ គឺមានការចូលរួមត្រួតពិនិត្យដោយលោកនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា លោក ជឹម លាវ អភិបាលរងខេត្តកំពង់ចាម លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម និងមន្ត្រីនគរបាលជាច្រើនរូបទៀត។
ចំណែកឯបេក្ខជនចូលរួមមានចំនួន៨៩២នាក់ ស្រីចំនួន៣៤៥នាក់ ដែលត្រូវជ្រើសរើសយកតែចំនួន១៩០នាក់ប៉ុណ្ណោះឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។
ក្នុងនោះលោកនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានអនុញ្ញាតឲ្យបេក្ខជន ត្រួតពិនិត្យមើលលើហិបដាក់វិញ្ញាសារថា វាមានភាពមិនប្រក្រតីកើតឡើង ឬទេ ប្រសិនគ្មានឲ្យបេក្ខជនសរសេរឈ្មោះលេខតុ និងចុះហត្ថលេខាលើវិញ្ញាសារនោះផងដែរ ។ បន្ទាប់មកយក វិញ្ញាសារទាំងនោះត្រឡប់មកបន្ទប់គណៈកម្មការកណ្តាល ដើម្បីបែងចែកវិញ្ញាសារទៅតាមបន្ទប់ប្រឡង។
ក្នុងនោះគេសង្គេតឃើញថា ក្រុមការងាររៀបចំប្រឡងថ្នាក់ខេត្ត បានចូលរួមសម្របសម្រួលក្រុមការងារបច្ចេកទេសមកពីក្រសួងមហាផ្ទៃផងដែរ។ បរិយាកាសនឹងស្ថានភាពទូទៅមានប្រក្រតីភាពធម្មតា៕












មតិយោបល់