ព័ត៌មានជាតិ

បទល្មើសគ្រឿងញៀនឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀង បង្រ្កាបជនសង្ស័យខ្មែរ-វៀតណាម៥នាក់

ស្វាយរៀង: អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទូលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រូលផ្ទាល់ពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទី នៅលើផ្លូវជាតិលេខ១ ចំណុចគោលដៅត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ គ្រឿងញៀននិងអាវុធជាតិផ្ទុះ ស្ថិតក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាល ស្រុកស្វាយជ្រំ ដឹកនាំដោយលោកវរសេនីយ៍ឯក ពិន អាន អធិការនគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់០១លើក ។

លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ួ តឹក ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (ជាមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀន ពីភ្នំពេញមកស្វាយរៀង) ។

ដកហូតវត្ថុតាងរួមមាន៖
– ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១០កញ្ចប់ធំ ទម្ងន់៩,៩៥៨.៦២ក្រាម
– ថ្នាំញៀនប្រភេទកេតាមីនចំនួន០២កញ្ចប់ធំ ទម្ងន់១,៣៦៥.១៣ក្រាម
– ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០៣កញ្ចប់តូចទម្ងន់ ២០.៩៩ក្រាម
– ទឹកថ្នាំដបសង្ស័យជាសារធាតុញៀនចំនួន០១ដប
– រថយន្ត០១គ្រឿងម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AE6174
– ទូរសព្ទដៃ ០១គ្រឿង ។

ក្រោយពីឃាត់ខ្លួនធ្វើការសាកសួរ កម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួក នៅរង់ចាំដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ទៅកាន់ប្រទេសវៀតណាម នៅចំណុចឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងបានចំនួន០២នាក់បន្ថែមទៀត៖

១.ឈ្មោះ នុត ប៊ុនធឿន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់នៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ (ជាមុខសញ្ញាដឹកជញ្ជួនគ្រឿងញៀនឆ្លងដែន) ។
២.ឈ្មោះ ឡេ យាំងគួ ភេទប្រុស ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ រស់នៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ (ជាមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន) ។

នៅថ្ងៃទី០៦ ខែឧសភា ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង និងឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានសហការជាមួយ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (ការិយាល័យក១០) ដឹកនាំដោយលោកឧ.ទោ សារី បុត្រសត្យា និងលោកឧ.ទោ ហៀប ដារ៉ាត់ នាយរងមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ជាបក្ខពួកចំនួន០២នាក់បន្ថែម នៅចំណុចខុនដូលេខ១៣ ផ្លូវ៣៩៦ សង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញរួមមាន៖

១.ឈ្មោះ ង្វៀង ថាន់លីន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាកនៅចំណុចខុនដូលេខ១៣ ផ្លូវ៣៩៦ សង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ (ជាមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន) ។
២. ឈ្មោះ ហេង សុវុត្ថា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បកប្រែភាសាចិន) មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល (ជាមុខសញ្ញាជួញដូរគ្រឿងញៀន) ជាមុខសញ្ញាចាស់ និងធ្លាប់ជាប់ពន្ធនាគារ នៅខេត្តស្វាយរៀងរយ:ពេល០៤ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ព្រមទាំងចាប់យកវត្ថុតាង ថ្នាំញៀនចំនួន០៣កញ្ចប់ព្រមទាំងឧបករណ៍ សម្ភារ:មួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕

មតិយោបល់