ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៧នាក់ ក្នុងនោះមានជនជាតិថៃ៦នាក់នៅ​…

បន្ទាយមានជ័យ: កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រើប្រាស់គ្រឿងញៀនប្រុសស្រីចំនួន ៧នាក់ ក្នុងនោះជនជាតិថៃ៦នាក់ និងជនជាតិខ្មែរ១នាក់ នៅបន្ទប់ជួលលេខ១៥ ក្រោយកា ស៊ីណូក្រែន ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ យកមកអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដើម្បីសួរចម្លើយ និងបំពេញសំណុំរឿងតាមនិតិវិធីច្បាប់។

លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ មានជនជាតិថៃ៦នាក់ ស្រី៤នាក់ និងជនជាតិខ្មែរ១នាក់ ១/ ឈ្មោះ ថ:ណាណាត់ កឺតណយ(ហៅទី) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិថៃ មុខរបរ គ្មាន។ ២/ ឈ្មោះ ធុងឆៃ សីតធិ កន មេថាគុណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិថៃ មុខរបរ គ្មាន។ ៣/ ឈ្មោះ ចាន់ថា គៀតទិគុណកាងវាន ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិថៃ មុខរបរ គ្មាន។ ៤/ ឈ្មោះ ម៉ាលិនី ឃុងដេត ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិថៃ មុខរបរ គ្មាន។៥/ ឈ្មោះ ស៊ីបាកផយ ម៉ុងឃុនឆៃវុធ ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិថៃ មុខរបរ គ្មាន។ ៦/ ឈ្មោះ សិរិកានយ៉ា តែងថង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិថៃ មុខរបរ លក់អនឡាញ។ ៧/ ខៀវ តាំង (ហៅទី) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន។

លោកអធិការ ក៏បានបញ្ជាក់ថា ជាមួយនឹងការបង្រ្កាបនេះ កម្លាំងនគរបាលបានធ្វើការឆែកឆេររកឃើញ វត្ថុតាងរួមមាន ១/- ម្សៅក្រាមពណ៌សថ្លាចំនួន០៦កូនថង់។ ២/- ម្សៅម៉ត់ពណ៌ស សង្ស័យខេហិតចំនួន ០៣ កូនថង់។ ៣/-ថ្នាំគ្រាប់ចំនួន០៥បំណែក សង្ស័យថ្នាំគ្រវី មានពណ៌ប្រផេះ ចំនួន០២បំណែក, ពណ៌លឿង ០១បំណែក ,ពណ៌ផ្កាឈូក០១បំណែក និងពណ៌ផ្កាឈូកចំនួន០១បំណែកសង្ស័យWY(យ៉ាម៉ា)ជាប់នឹងក្រដាស់អាលុយមីញ៉ូម។ ៤/- បំពង់ចូកថ្នាំញៀនចំនួន០២។ ៥/- ដបកែវសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០២។ ៦/-បំពង់កែវចំនួន ០៤ កំណាត់។ ៧/- កន្ត្រៃច្រឹបចំនួន០១។ ៨/- ដែកកេះចំនួន០៥។ ៩/- បំពង់បឺតមួយថង់។ ១០/- ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១។ ១១/- ថង់កិបមាត់សម្រាប់ច្រកថ្នាំញៀនមួយចំនួន។១២/- ទូរស័ព្ទដៃចំនួន ០៥ គ្រឿង។ ១៣/- ថ្មសាកទូរស័ព្ទចំនួន០១។

លោកអធិការបានបន្តថា ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងនគរបាលគ្រប់ ក្រុង ស្រុក ឲ្យយកចិត្តទុកដាក់ធ្វើយ៉ាងណាចំពោះបទល្មើសគ្រឿងញៀន ត្រូវតែស្រាវជ្រាវបង្រ្កាបឲ្យដូចជាភ្លៀងរលឹម ជាលទ្ធផលកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌដោយមានការសង្ស័យ ហើយបានសុំម្ចាស់បន្ទប់ជួលត្រួតពិនិត្យបន្ទប់ដែលជនសង្ស័យស្នាក់នៅ បានប្រទះឃើញជនសង្ស័យចំនួន០៧ ក្នុងនោះស្រី០៤នាក់ និងវត្ថុតាងនោះផងដែរ។ បច្ចុប្បន្នជនសង្ស័យប្រុស-ស្រីទាំង៧នាក់ រួមទាំងវត្ថុតាង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

 

មតិយោបល់