ព័ត៌មានជាតិ

ករណីប្រទះឃើញសពបុរសម្នាក់ត្រូវខ្សែភ្លើងឆក់ដេកស្លាប់លើភ្លឺស្រែ នៅខេត្តកណ្ដាល

កណ្ដាល: កាលពីវេលាម៉ោង ៥ទៀបភ្លឺឈាមចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នគរបាលជំនាញស្រុកខ្សាច់កណ្ដាល ធ្វើការពិនិត្យសាកសពបុរសម្នាក់ ដែលបានស្លាប់ដោយសារជាន់ខ្សែលួសឆក់កណ្ដុលរបស់ពលរដ្ឋរាយតាមភ្លឺស្រែ ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ផាច តូច ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្តដឹកដី មានទីលំនៅភូមិតាលាក់ផែ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ជនសង្ស័យឈ្មោះ ផេង ផៃ ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ (គេចខ្លួន)។

វត្ថុតាងចាប់យក៖
១.អាគុយ ០១គ្រឿង ម៉ាក Heng Seng កម្លាំង ៥០អំពែ
២.ខ្សែលួស ០១ដុំ
៣.អាំងដុចទ័រចំនួន ០១។

ដំណើរឿង៖ មុនពេលកើតរយ:ពេលជិតមួយខែកន្លងមកហើយ ជនរងគ្រោះបានមកធ្វើការជាកម្មករបើករថយន្តដឹកដីឲ្យក្រុមហ៊ុន 7NG នៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល លុះមកដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ២០ ក្រោយពីហូបបាយនៅក្នុងការដ្ឋានរួច ជនរងគ្រោះបានឡើងដេកនៅលើរថយន្តរបស់ខ្លួនតែម្នាក់ឯង ឯតៃកុងរថយន្តផ្សេងទៀត ក៏ដេកនៅលើរថយន្តរៀងៗខ្លួនដែរ រហូតដល់ម៉ោងប្រមាណ៥ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ស្រាប់តែមានគេប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើភ្លឺស្រែ ក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះធ្វើការពិនិត្យ ឃើញថា សាកសពមានស្នាមរោលខ្លោចរយ:ដាច់ស្បែកលើក្បាលជង្គង់ស្តាំ ១កន្លែង លើភ្លៅខាងស្តាំមានស្នាមខ្លោច ១កន្លែង និងកំភួនដៃខាងស្តាំ ១កន្លែង។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចជំនាញសន្និដ្ឋាន៖ ជនរងគ្រោះស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន ។

ក្រោយពិនិត្យរួច កម្លាំងនគរបាលធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យ សមត្ថកិច្ចជំនាញកំពុង ស្រាវជ្រាវរកបន្ត ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

មតិយោបល់