ព័ត៌មានជាតិ

កម្លាំងនគរបាលក្រុងបាត់ដំបង ស្រាវជ្រាវបង្រ្កាបស្រ្តីម្នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចកាបូប

បាត់ដំបង: កាលពីថ្ងៃ អង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី មានករណីអំពើលួច មួយកើតឡើងត្រង់ចំណុចក្រុមទី០២ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង សកម្មភាពនេះគឺជនសង័្សយមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកកាបូបរបស់ជនរងគ្រោះឈ្មោះ ថន ចាន់ធៀង អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលក្នុងកាបូបនោះមាន៖

-ប្រាក់រៀលចំនួន ៣៥ម៉ឺនរៀល
-ប្រាក់បាតចំនួន ៧,០០០បាត
-កាបូបស្ពាយចំហៀងពណ៌ប្រផេះចំនួន០១ ។

នៅក្រោយពេលកើតហេតុ ជនរងគ្រោះបានប្តឹងរាយការណ៍ មកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ហើយអនុវត្តតាមយោបល់ដឹកនាំជាប្រចាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានធ្វើការស្រាវជ្រាវលើករណីនេះ រហូតសមត្ថកិច្ចឈានទៅធ្វើការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះ សុង សម្ភស្ស ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង មកធ្វើកាសាកសួរស្រាវជ្រាវ ក្នុងថ្ងៃដដែល ហើយតាមរយ:ការសាកសួរ ស្រាវជ្រាវនេះ ជនសង័្សយបានឆ្លើយសារភាពថា រូបគាត់ពិតជាបានលួចយកទ្រព្យសម្បត្តិរបស់ ជនរងគ្រោះខាងលើប្រាដកមែន ។

សមត្ថកិច្ចដកហូតបាន៖
-ប្រាក់រៀលចំនួន ៣៥ម៉ឺនរៀល
-ប្រាក់បាតចំនួន ៧,០០០បាត
-កាបូបស្ពាយចំហៀងពណ៌ប្រផេះចំនួន ០១ ។

ករណីខាងលើនេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់ រីឯទ្រព្យសម្បត្តិបានប្រគល់ជូនជនរងគ្រោះវិញហើយ ៕

មតិយោបល់