ព័ត៌មានជាតិ

ប្រជាពលរដ្ឋ លោកមេភូមិ លោកចៅអធិការវត្ត និងលោកតាអាចារ្យវត្តសូមណូមពរប្ដូរលោកនាយកសាលាមហាព្រហ្មចេញ

កំពត: អធិការនគរបាលស្រុកឈូក សូមធ្វើការបកស្រាយបំភ្លឺជូនសាធារណ:ជនមេត្តាវិភាគនិងទទួលជ្រាប៖ អំពីម្ចាស់អាខោនហ្វេសបុកឈ្មោះ គ្រូស្រៀង មហាព្រហ្ម ដែលបានបង្ហោះកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នូវខ្លឹមសារថា: «នេះឬតម្លៃគ្រូបង្រៀន» សូមបងប្អូនជួយ share ម្នាក់មួយផង
នេះហើយលទ្ធផលទទួលបានពីការអភិវឌ្ឍសាលាបឋមសិក្សាមហាព្រហ្មកន្លងមក ត្រូវអ្នកលក់ដូរតាមរោងល្ខោនព្រួតវាយ ប្រជាពលរដ្ឋបានត្រឹមបញ្ឆេះថែម (វៃវាឲ្យងាប់ទៅ) នេះជាសម្ដីមេភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត គ្មានសមត្ថកិច្ចឬអាជ្ញាធរណាជួយដោះស្រាយទេ សូម្បីតែអធិការស្រុកឈូក ។

ជុំវិញការលើកឡើងខាងលើនេះ ក្នុងនាមខ្ញុំជាអធិការនគរបាលស្រុកឈូក សូមជម្រាបជូនពីដំណើររឿងមានដូចតទៅ៖
កន្លងមកលោកចៅអធិការវត្តមហាព្រហ្ម បានរៀបចំធ្វើពិធីបុណ្យឆ្លងសាលាឆាន់ ដោយមានពុទ្ធបរិស័ទ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ជាអ្នកមូលមតិគ្នាផ្តើមបុណ្យ បន្ទាប់ពីមានការរៀបចំកម្មវិធីបុណ្យនេះឡើង លោកមេភូមិព្រៃពាយ បានធ្វើការស្នើសុំលោកនាយកសាលាបឋមសិក្សាមហាព្រហ្ម ដើម្បីដាក់សិល្បះល្ខោនកម្សាន្ត និងកន្លែងកម្សាន្តផ្សេងៗ នៅក្នុងបរិវេនសាលា ព្រោះបរិវេនវត្ត និងសាលារៀនគឺនៅជាប់គ្នា ហើយលោកនាយក សាលារូបនេះ ក៏បានអនុញ្ញាត លុះមកដល់ ម៉ោង ១៧និង៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ (ជាថ្ងៃបុណ្យឆ្លងសាលាឆាន់) លោកនាយកសាលារូបនេះ អះអាងថា ការដាក់លក់ដូរ និងដាក់កន្លែងកម្សាន្តសម្រាប់ក្មេងលេង គ្មានការសុំអនុញ្ញាតពីគាត់ រួចគាត់ក៏បានមកទាររកសេវាពីប្រជាពលរដ្ឋដែលជាអ្នកលក់ដូរ និងកន្លែងកម្សាន្តសម្រាប់ក្មេងលេង ចំនួន ១៥ម៉ឺនរៀល តែពួកគាត់មិនឲ្យ ហើយរូបគាត់ក៏មានការខឹងសម្បារ និងបានធ្វើការទាត់បំផ្លិចបំផ្លាញ កន្លែងលក់ដូររបស់ប្រជាពលរដ្ឋ និងបានធ្វើការរុះរើរោង តូបលក់ដូររបស់ប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួសដោយខ្លួនឯងមិនមានអ្នកណាម្នាក់មកបង្កហិង្សាលើរូបគាត់ឡើយ។ ក្រោយមកលោក នាយកសាលារូបនេះ បានមករកដុតរោងសិល្បះល្ខោនដែលកំពង់លេងនៅទីនោះ ទៀត ប៉ុន្តែត្រូវបានអាជ្ញាធររួមកម្លាំងសមត្ថកិច្ចធ្វើការហាមឃាត់ និងសម្របសម្រួលគាត់កុំឲ្យប្រព្រឹត្តបែបនេះ ទៀត ។ បន្ទាប់មកក៏មានអ្នកមកជម្លៀសគាត់ចេញពីទីនោះតែម្តង។

សូមបញ្ជាក់ថា៖ ដើមចមនៃបញ្ហានេះគឺ ផ្តើមចេញពីការទារលុយប្រជាពលរដ្ឋដែលដាក់លក់របស់របរនៅទីនោះ បច្ចុប្បន្នជុំវិញបញ្ហាដែលបានកើតឡើងនេះ ប្រជាពលរដ្ឋ លោកមេភូមិ លោកចៅអធិការវត្ត និងលោកតាអាចារ្យវត្តកំពុងដាក់ពាក្យ និងសំណូមពរឲ្យដោះដូរលោកនាយកសាលារូបនេះ ចេញពីសាលារៀនបឋមសិក្សា មហាព្រហ្ម ចំពោះករណីនេះសមត្ថកិច្ច និងបន្តធ្វើការស្រាវជ្រាវអំពីសកម្មភាពលើកឡើងខាងលើ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់