ព័ត៌មានជាតិ

ក្មេងប្រុសសិស្សសាលាបឋមសិក្សាបទុមរង្សីអាយុ ៩ឆ្នាំបានលង់ទឹកស្លាប់

កណ្តាលៈ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៤០នាទី ករណីលង់ទឹកស្លាប់ ចំណុចភូមិទេពមន្រ្តី ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ចំរើន រី ភេទប្រុស អាយុ ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិទឹកសិន ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង(ស្លាប់)
មានម្តាយឈ្មោះ អាត ហាន អាយុ ៣៤ ឆ្នាំ ឪពុកឈ្មោះ ចំរើន (លែងលះ)។

ដំណើររឿង៖ ជនរងគ្រោះស្នាក់នៅជាមួយជីដូនឈ្មោះ សៀក ហួន អាយុ ៥១ឆ្នាំ នៅក្នុងឡឥដ្ឋរបស់ឈ្មោះ ណាត វណ្ណៈ ភូមិទេពមន្រ្តី ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ឯម្តាយជនរងគ្រោះទៅធ្វើការនៅរាជធានីភ្នំពេញ។ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៤០នាទី ជនរងគ្រោះរួមជាមួយមិត្តភក្តិឈ្មោះ មាំង ធា ភេទប្រុស អាយុ ៧ឆ្នាំ ឈ្មោះ លី វាសនា ភេទប្រុស អាយុ ៨ឆ្នាំ និងឈ្មោះ ស្នា វី ភេទប្រុស អាយុ ៧ឆ្នាំ បាននាំគ្នាដើរទៅរៀនសាលាបឋមសិក្សាបទុមរង្សី ភូមិទេពមន្ត្រី ឃុំព្រះប្រសប់។ លុះដល់ម៉ោង ៧និង៣០នាទី ថ្ងៃដដែល ជនរងគ្រោះរួមជាមួយមិត្តភក្ត្រ ៣នាក់ខាងលើ មិនបានចូលរៀនទេ ហើយនាំគ្នាទៅលេងទឹកចំណុចរណ្តៅដីក្រោយភូមិទេពមន្រ្តី ដោយនាំគ្នាចុះលេងទឹកក្បែរមាត់រណ្តៅ ពេលកំពុងលេងទឹកនោះឈ្មោះ មាំង ធា បានរអិលជើងចូលទឹកជ្រៅ ឃើញដូច្នេះជនរងគ្រោះ បានស្ទុះចាប់ទាញដៃឈ្មោះ មាំង ធា មកទឹករាក់វិញ តែបែរជារអិលជើងខ្លួនឯងធ្លាក់ចូលកន្លែងទឹកជ្រៅលិចលង់បាត់ទៅ ភ្លាមនោះមិត្តភក្តិទាំង៣នាក់ បាននាំគ្នារត់មកប្រាប់លោកគ្រូក្នុងសាលា ហើយលោកគ្រូៗបាននាំគ្នាចុះមុជរាវរកជនរងគ្រោះតែមិនឃើញ។ រហូតដល់ម៉ោង ៨និង៣០នាទី ថ្ងៃដដែល ទើបរាវរកឃើញជនរងគ្រោះ តែបានស្លាប់បាត់ទៅហើយ ក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់។

សន្និដ្ឋាន៖ ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹក ។

ក្រោយមកសមត្ថកិច្ចជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ឃើញថា សពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ បន្ទាប់មកក៏ធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់