ព័ត៌មានជាតិ

ក្រឡេកឃើញកម្លាំងនគរបាលភ្លាម ក៏បន្ថែមល្បឿនយ៉ាងលឿនជ្រុលទៅបុករថយន្តកូរ៉េគាប់ជាប់ បណ្ដាលឲ្យបោកក្បាលរបួសធ្ងន់៣នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុករថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់៣នាក់ ហេតុការណ៍នេះកើតឡើងតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ កែងនិងផ្លូវ២១៧ ទល់មុខសាលាអន្តរជាតិប៊ែលធី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូម៉ាក YAMAHA EXCITER ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿនខណ:ពេលជួបកម្លាំងនគរបាលកំពុងល្បាតក្នុងមូលដ្ឋាន ដោយមានការសង្ស័យក៏ជិះដេញតាមប្រាប់ឲ្យឈប់ ដើម្បីសួរនាំតែបែរជាបន្ថែមល្បឿនលឿនទៅៗ ស្រាប់តែជ្រុលចង្កូតទៅបុករថយន្តកូរ៉េមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2A-5440 បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យម៉ូតូចូលក្រោមរថយន្តតែម្ដង ចំណែកឯមនុស្សវិញ ខ្ទាតបោកផ្ទប់រថយន្តធ្លាក់មកថ្នល់រងរបួសធ្ងន់ដេកក្នុងថ្លុកឈាមទាំង៣នាក់ ហើយត្រូវបានប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់នោះឃើញ រួចផ្ដល់ដំណឹងទៅសមត្ថកិច្ចមូលដ្ឋាន ទាក់ទងរថយន្តសង្គ្រោះបន្តិចក្រោយមកមាន រថយន្តគិលានសង្គ្រោះមន្ទីរសម្រាកព្យាបាលឯកជនសួគ៌ា មកដឹកយកអ្នករបួសទាំង៣នាក់នោះ យកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

បច្ចុប្បន្នវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យទី៣ សហការប្រគល់ឲ្យសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង រួចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមច្បាប់៕

មតិយោបល់