ព័ត៌មានជាតិ

ព្រះសង្ឃគង់ក្នុងវត្តចែងក្ដារទទួលរងនៅការចោទប្រកាន់ពីបទចាប់សរសៃរបណ្ដាលមនុស្សស្លាប់

បាត់ដំបង: កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ព្រះសង្ឃមួយអង្គបានរងការចោទប្រកាន់ថា បានធ្វើឲ្យបុរសម្នាក់ស្លាប់តាមរយ:ការព្យាបាលជំងឺ ដោយខ្វះការប្រុងប្រយ័ត្ន និងគ្មានជំនាញពិតប្រាកដ នៅក្នុងវត្តចែងក្ដារ​ ស្ថិតភូមិចែងក្ដារ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ មៀច រ៉ិ ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ ចំណែកព្រះសង្ឃដែលរងការចោទប្រកាន់នោះព្រះនាម ចាប ស្រីសារី អាយុ ៣៤ឆ្នាំ គង់នៅវត្តចែងក្ដារ សង្ឃអង្គនេះត្រូវអ្នកស្រុកល្បីតៗគ្នាថា ចេះវិជ្ជាព្យាបាលជំងឺច្រើនមុខដោយប្រើថ្នាំឫសឈើ ឬប្រើវិធីចាប់សរសៃ ហើយជនរងគ្រោះខាងលើ បានមកឲ្យព្រះសង្ឃអង្គនោះ ជួយព្យាបាលដោយសារគាត់ឈឺចង្កេះ។

ដំណើររឿង៖ មុនពេលកើតហេតុប្រហែល ៤ថ្ងៃ ជនរងគ្រោះធ្លាប់ទៅឲ្យព្រះសង្ឃសារី ជួយព្យាបាលឈ្លីសរសៃហើយនៅថ្ងៃកើតហេតុជនរងគ្រោះ ឈឺចង្កេះហើយគាត់ឲ្យជូនគាត់ទៅវត្តចែងក្ដារ ដើម្បីឲ្យព្រះសង្ឃនោះជួយព្យាបាលម្ដងទៀត ព្រោះព្រះអង្គល្បីថា ពូកែព្យាបាលជំងឺ​ដោយប្រើថ្នាំឬស្សឈើ និងចាប់សរសៃរ ពេលជូនជនរងគ្រោះទៅដល់ព្រះអង្គក៏ឲ្យថ្នាំផឹក និងចាប់សរសៃ លុះបានប៉ុន្មាននាទីក៏សម្រាក ដោយសារជនរងគ្រោះបានធូរស្រាលបន្តិច ប៉ុន្តែក្រោយមក ស្រាប់តែជនរងគ្រោះហាក់មានអារម្មណ៍មិនល្អហើយពោលថា វិលមុខថប់ដង្ហើមហើយ ពេលនោះសង្ឃអង្គនោះក៏ជួយរឹតទ្រូងធ្វើចលនាដោយព្រះអង្គប្រាប់ថា «ជំងឺគាត់ដូចត្រូវអំពើគេ»។ ពេលនោះសង្ឃអង្គនោះបានឲ្យជនរងគ្រោះដេកហើយឲ្យមនុស្ស២ទៅ៣នាក់ទំនងកូនសិស្សលោកចាប់ដៃ និងខ្លះឡើងជាន់ឈ្លីលើជនរងគ្រោះយ៉ាងចាស់ដៃ។ សាក្សីដែលនៅទីនោះនិយាយថា ពេលនោះគាត់ឮជនរងគ្រោះស្រែកថា «ឈឺណាស់ថប់ដង្ហើមណាស់ដាច់ខ្យល់ស្លាប់ឥឡូវហើយ» ភ្លាមនោះអ្នកឡើងជាន់ និងអ្នកចាប់ដៃក៏ឈប់សកម្មភាព លុះប៉ុន្មាននាទីក្រោយ ស្ថានភាពអ្នកជំងឺធ្វើទុក្ខកាន់តែខ្លាំងរហូតដាច់ខ្យល់នៅចំពោះមុខព្រះសង្ឃតែម្ដង។

ក្រោយកើតហេតុក្រុមកម្លាំងជំនាញ ធ្វើកោសល្យវិច័យបានដកស្រង់ការសន្និដ្ឋាន របស់គ្រូពេទ្យថា ការស្លាប់របស់ជនរងគ្រោះគឺ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល តែយ៉ាងណានេះគ្រាន់តែជាការសន្និដ្ឋានបឋមតែប៉ុណ្ណោះ ប៉ុន្តែដោយសារក្រុមគ្រួសារសពពុំអស់ចិត្ត ក៏សម្រេចចិត្តដឹកសពជនរងគរោះទៅពិនិត្យបន្តនៅមន្ទីរពេទ្យបាត់ដំបង តែរហូតមកដល់ពេលនេះមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ។

សូមបញ្ជាក់៖ ករណីនេះ សមត្ថកិច្ចនៅតែបន្តនីតិវិធី ដើម្បីឲ្យជនរងគ្រោះទទួលបានភាពយុត្តិធម៌៕

មតិយោបល់