ម្ចាស់ចតម៉ូតូទុកមុខផ្ទះពុំបានដកសោរជនសង្ស័យលួចជិះគេចបាត់យកទៅលក់បានលុយទិញថ្នំាញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន…
ឧត្តរមានជ័យ:យោងតាមផេកអធិការដ្ឋាននគរបាលក្រុងសំរោងបានឲ្យដឹងថា ដោយមានការណែនាំ និងចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តឧត្តរមានជ័យ និងដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ក្រោយពេលទទួលព័ត៌មាន និងបណ្ដឹងពីជនរងគ្រោះ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០៖៤០នាទី នៅចំណុចភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណី លួច បង្កឡើងដោយជនសង្ស័យឈ្មោះ ទៀល មិថុនា ហៅ តឿ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានធ្វើសកម្មភាពលួចយកម៉ូតូ ០១ គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ៖ ឧត្តរមានជ័យ 1D-8173 របស់ជនរងគ្រោះឈ្មោះ លិង លាត ភេទស្រី អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិកើតហេតុ ដែលចតទុកនៅមុខផ្ទះដោយពុំបានដកសោរ ជិះគេចខ្លួនបាត់ ។
- បន្ទាប់មក លោក អធិការ បានដឹកនាំកម្លាំងជំនាញ កម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ ចុះធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងខាងលើ នៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង នាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោងវិញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។
- ឆ្លងតាមកំណត់ហេតុស្ដាប់ចម្លើយជនសង្ស័យខាងលើបានឆ្លើយសារភាពថា៖ រូបខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើ ជិះទៅអូស្មាច់ ដើម្បីលក់ឲ្យគេយកប្រាក់ទៅទិញថ្នាំញៀនប្រើប្រាស់ ។
- បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់ ។
- រីឯម៉ូតូកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានប្រគល់ជូនម្ចាស់វិញ ៕
មតិយោបល់