ព័ត៌មានជាតិ

លឿនជ្រុលដល់ចំណុចផ្លូវកោង ដួលបោកធ្លាក់ក្នុងស្រែ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ពោធិសាត់ៈ បុរសម្នាក់បោកបែកក្បាលស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូដោយខ្លួនឯង ដោយសារការបើកបររបស់ជនរងគ្រោះ បើកបោះពួយល្បឿនលឿនហួសជ្រុល ដល់ចំណុចផ្លូវកោង យកចង្កូតមិនទាន់ដួលផ្លោងចូលវាលស្រែ កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវកោងបំបែកទៅ(ច១)ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ មានម៉ូតូម៉ាកអ៊ិចស៊ីនធ័រ ពណ៌ខ្មៅគ្មានស្លាកលេខ ជិះគ្នាពីរអ្នកបានបើកបោះពួយយ៉ាងលឿន ខណៈពេលមកដល់ចំណុចផ្លូវកោងបំបែកទៅ(ច១)ស្រាប់តែឃើញម៉ូតូដួលខ្ទាតមនុស្សចេញពីលើម៉ូតូដេកស្តូតស្តឹងនៅនឹងកន្លែងលើផ្លូវកៅស៊ូមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៥ឆ្ពោះទៅកាន់ឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំប្រទល់(កម្ពុជា-ថៃ)ក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋរត់ទៅមើលក៏ប្រទះឃើញបុរសម្នាក់បែកក្បាលស្លាប់នៅនឹងកន្លែងនិងអ្នករួមដំណើរម្នាក់រងរបួសបាក់ជើងខាងស្តាំ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់តែម្តង ។

ជនរងគ្រោះស្លាប់នៅកន្លែង មានឈ្មោះ ស៊ឹម សីហា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ជាអ្នកបើកបរ និងអ្នករួមដំណើរម្នាក់ឈ្មោះ អ៊ិន ដាលិ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាក អ៊ិចស៊ីទ័រ ឌុបគ្នាល្បឿនលឿន លុះដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវកោងបំបែក ធ្វើឲ្យអ្នកបើកបរគ្រប់គ្រងដៃចង្កូតមិនបាន ដួលផ្លោងខ្ទាតចូលវាលស្រែ បោកស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ៕

 

មតិយោបល់