ត្បូងឃ្មុំៈ យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយ បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ការបង្រ្កាបករណីនាំចូលជ្រូកដោយខុសច្បាប់ ជាវិធានការដ៏ក្តៅគគុក ដែលឯកឧត្តម បានយកចិត្តទុកដាក់បំផុត និងមានចំណាត់ការធ្ងន់ៗ រហូតចាប់ជ្រូករាប់រយក្បាល បើគិតមកដល់ពេលនេះ ប៉ុន្តែឈ្មួញខិលខូចនៅតែបន្តដឹកជាបន្តបន្ទាប់ ដែលជាទុក្ខកង្វល់ ក្នុងនាមឯកឧត្តមជាមេគ្រួសារ នៃបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ។
បន្ទាប់ពីទទួលបានបទបញ្ជា និងទទួលបានការរាយការណ៍គ្រប់ប្រភពព័ត៌មានរួចមក កម្លាំងជំនាញបានសហការគ្នា ធ្វើការបង្ក្រាបជាបន្តបន្ទាប់ នូវការនាំចូលជ្រូកខុសច្បាប់ពីប្រទេសជិតខាង។ លោក រី ដាវិន ឲ្យដឹងថា ក្រោយទទួលបានចរាចរណែនាំពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសក្រោមការចង្អុលបង្ហាញ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ឲ្យទប់ស្កាត់ និងបង្ក្រាបរាល់ការនាំ ចូលជ្រូកដោយខុសច្បាប់ពីប្រទេសវៀតណាម ក្រោយមានផ្ទុះជំងឺ ប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឲ្យជ្រូកងាប់រាប់លានក្បាលនោះ លោក រួមទាំងមន្ត្រីការិយាល័យ និងសមត្ថកិច្ចជំនាញ បានសហការគ្នាបង្ក្រាប បានប្រមាណជាង ៣០ករណី ដោយចាប់បានជ្រូកប្រមាណ៧០០ក្បាល ក្នុងនោះមធ្យោបាយដឹកជញ្ជូន មានទាំងម៉ូតូ និងរថយន្ត។
ដោយឡែកតាមរយៈការដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងបំផុត ពីសំណាក់ឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត មន្ត្រីជំនាញ និងកងកម្លាំងទាំង៣ រយៈពេល៣ថ្ងៃជាប់ៗគ្នានេះ ពោលគឺថ្ងៃទី១៧ ១៨ និងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បានសហការ ធ្វើការចាប់បង្ក្រាបបានបន្ថែមទៀត ដោយឃាត់បានរថយន្តចំនួន៣គ្រឿង មនុស្ស៣នាក់ និងជ្រូកចំនួន៣៨ក្បាល ។
បច្ចុប្បន្ន ជ្រូកទាំង៣៨ក្បាល ត្រូវបានប្រគល់ឲ្យទៅជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្តតាមនីតិវិធី រីឯរថយន្ត និងមនុស្ស ត្រូវបានឃាត់និងរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនីតិវិធី។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវផងដែរ ដល់បងប្អូន ដែលដឹកជញ្ជូន និងអ្នកចាំទទួលទិញ ជ្រូកខុសច្បាប់ទាំងអស់ មេត្តាបញ្ឈប់នូវសកម្មភាព បទល្មើសទាំងនេះតទៀត ព្រោះត្រូវប្រឈមទទួលនូវទោស ដោយច្បាប់ ពិសេសវាប៉ះពាល់បំផុត ដល់សុខភាពអ្នកបរិភោគ បើសិនជ្រូកនាំចូលទាំងនោះផ្ទុកនូវជំងឺ។
ឯកឧត្តមបណ្ឌិត ក៏បានសំណូមពរឲ្យ ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន ដែលដឹងនូវរាល់សកម្មភាពខុសច្បាប់ទាំងអស់ ពិសេសករណីការដឹកជញ្ជូនជ្រូកនេះ សូមរាយការណ៍ទៅមន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ច ដើម្បីរួមគ្នាទប់ស្កាត់ឲ្យបានរាល់បទល្មើសទាំងអស់ ពិសេសការនាំចូលជ្រូកដោយខុសច្បាប់នេះ ដែលជាប្រភពជំងឺប៉េស្តជ្រូកអាហ្វ្រិក ពីប្រទេសជិតខាង ចូលទឹកដីកម្ពុជា ពិសេសលើទឹកដីខេត្តត្បូងឃ្មុំតែម្តង។
លើសពីនេះទៅទៀត បើមានសេចក្តីរាយការណ៍ ពីប្រភពព័ត៌មានច្បាស់ការនានាថា មន្ត្រីណា ឬសមត្ថកិច្ចណា ហ៊ានឃុបឃិតជាមួយឈ្មួញ បើកដៃឲ្យមានការនាំចូលជ្រូកនោះ ដាច់ខាតឯកឧត្តម នឹងចាត់វិធានការជាធរមាន៕
មតិយោបល់