កណ្ដាលៈ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីហិង្សាដោយចេតនា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២និង៣០នាទីត្រង់បរិវេណឡឥដ្ឋពន្លឺព្រះអាទិត្យ២ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សេង សាំងហេង ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរសិប្បកម្មឡឥដ្ឋ។
ជនសង្ស័យឈ្មោះ តឿ ធី ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅទីកន្លែងកើតហេតុ មុខរបរកម្មករឡឥដ្ឋ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
-កាំបិតប៉័ងតោ ពណ៌ស ដងដែក១ ។
ដំណើររឿ៖ មុនពេលកើតហេតុជនសង្ស័យ បានអង្គុយផឹកស្រាថ្នាំជាមួយឈ្មោះ ភឿង ជាកម្មករឡឥដ្ឋដូចគ្នា នៅកន្លែងកើតហេតុ ពេលផឹកស្រាអស់កន្លះលីត្រ ស្រាប់តែជនរងគ្រោះ(ថៅកែឡឥដ្ឋ) ដើរទៅដល់ហើយបានប្រាប់ជនសង្ស័យថា«បើផឹកស្រាទៅផឹកនៅផ្ទះខ្លួនឯងទៅ កុំផឹកនៅកន្លែងធ្វើការអី» ពេលនោះជនសង្ស័យបានបោកកែវស្រាចោល រួចដើរទៅផ្ទះរបស់ខ្លួន មួយសន្ទុះក៏ត្រឡប់មកវិញ មានកាន់កាំបិតហើយ ធ្វើសកម្មភាព វាយធ្នឹមដំបូលឡឥដ្ឋ ក្នុងពេលនោះជនរងគ្រោះបានមើលពីផ្ទះខ្លួនមកឃើញជនសង្ស័យ មានសកម្មភាពដូចនេះរាយការណ៍ជូននគរបាលប៉ុស្តិ៍តាមទូរស័ព្ទ ពេលនោះឈ្មោះ លី សុខលាង នៅក្បែរ បានដកហូតកាំបិតពីជនសង្ស័យ ចេញ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍បានទៅដល់រួចនាំខ្លួនជនសង្ស័យ និងវត្ថុតាងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ខ្លួនពិតជាបានយកកាំបិតវ៉ៃលើធ្នឹមដំបូលឡឥដ្ឋឈ្មោះ សេង សាំងហេង ប្រាកដមែន មូលហេតុ ខឹងស្តី បន្ទោសរឿងផឹកស្រាក្នុងម៉ោងធ្វើការ។
ករណីនេះផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក សហការជាមួយប៉ុស្តិ៍បន្តកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់