ភ្នំពេញៈ នារីម្នាក់បានបើករថយន្តម៉ាក mazda មួយគ្រឿងក្នុងល្បឿនលឿន មិនប្រយ័ត្នបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំហឹងបាក់មួយកង់ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាក mazda ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AG-3564 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់មួយកង់ ទៅមុខលែងរួច ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ៕
មតិយោបល់