ព័ត៌មានជាតិ

លួចលុយភ្ញៀវក្នុងផ្ទះម៉ាស្សា៣០០ដុល្លារ រង់ចាំមើលតុលាកាដោះលែងទៀតអត់

ភ្នំពេញៈ រឿងអាស្រូវ ចោរកម្មចេញពីផ្ទះ ហាងម៉ាស្សា កោសជប់ តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ល្បីកក្រើករាល់សប្តាហ៍ តាំងពីស្រទាប់ពលរដ្ឋថ្នាក់ទាបធ្លាប់រងគ្រោះ រហូតដល់ស្ថាប័នតុលាកា ធ្លាប់កាន់សំណុំរឿង ម៉ាស្សាបន្លំលួចលុយភ្ញៀវ ញឹកញាប់ពេកទៅហើយ ទោះជាសមត្ថកិច្ច អាជ្ញាធរ ចាប់ឃាត់កន្លងមក ដើម្បីចាត់ការតាមផ្លូវច្បាប់ តែតុលាកាចេះតែដោះលែង ទៅតាមនីតិវិធី ឲ្យជនសង្ស័យរួចខ្លួនរហូត ចាំមើលលើនេះវិញម្តង ក្រោយពីស្រ្តីម៉ាស្សា ល្បីឈ្មោះម្នាក់ ខាងលួចលុយហើយក៏ល្បីមិនដែលជាប់ឃុំ បានប្រព្រឹត្តអំពើលួចលុយភ្ញៀវសារជាថ្មីទៀតហើយ ៣០០ដុល្លារ កាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយត្រូវបាន សមត្ថកិច្ចចុះទៅឃាត់ខ្លួន ស្រ្តីដៃឆើត ម្នាក់ និងបក្ខពួកម្នាក់ទៀត ទៅសាកសួរនៅប៉ុស្តិ៍នគរបាល ។

ស្រ្តីសង្ស័យជំនាញខាងបន្លំលួចលុយភ្ញៀវ ចូលម៉ាស្សា មានឈ្មោះ ហេង ធូ អាយុ៣០ឆ្នាំ មុខរបរ ម៉ាស្សា កោសជប់ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតភូមិអង្គរបុរី ឃុំអង្គរបុរី ស្រុកអង្គបុរី ខេត្តតាកែវ ។

ចំណែកស្រ្តីម្នាក់ទៀត ឈ្មោះ ស កូឡាប អាយុ ២០ឆ្នាំ មុខរបរម៉ាស្សា ស្នាក់នៅជាមួយគ្នានៅផ្ទះកើតហេតុ មានស្រុកកំណើតភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ។

បុរសរងគ្រោះ ឈ្មោះ ប៉ុល ច័ន្ទតារា អាយុ៣៦ឆ្នាំ មុខរបរលក់ដូរស្នាក់នៅ ភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកមន្ទាយមាស ខេត្តកំពត ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគាត់ចូលម៉ាស្សនៅផ្ទះខាងលើ ហើយស្រ្តីម៉ាស្សា មាឌធំម្នាក់ (ហេង ធូ ) ណែនាំឲ្យចូល បន្ទប់ជាន់ទី១ ជាមួយស្រ្តី ស កូឡាប ដោះអាវព្យួរជាប់បង្អួច ដេកផ្កាប់មុខ លុះរួចរាល់ហើយ លូកហោប៉ាវយកលុយ ស្រាប់តែបាត់លុយអស់រលីង៣០០ដុល្លា ទើបឆោឡោ ប្រកែកគ្នាផ្អើលទាំងយប់ ប្តឹងប៉ូលីសចុះទៅឃាត់ ស្រ្តីម៉ាស្សាទាំង២នាក់ទៅសាកសួរ ។

នៅប៉ុស្តិ៍ប៉ូលិស ស្រ្តី ស កូឡា បានឲ្យដឹងថាពេលខ្លួនកំពុងម៉ាស្សាឲ្យជនរងគ្រោះ ស្រ្តី ឈ្មោះ ហេង ធូ ជាអ្នកលូកហោប៉ាវលួចលុយ របស់ជនរងគ្រោះ ។ ចំណែកស្រ្តី ហេង ធូ វិញ ឆ្លើយបដិសេដទាំងអស់ ថាខ្លួនមិនបានយកទេ ។

ទោះជាយ៉ាងណាក្តី ក្រោយពីបណ្តឹងរបស់ជនរងគ្រោះ រួមជាមួយ ចម្លើយសារភាពពីស្រ្តីម្នាក់ទៀត ជនសង្ស័យ ឈ្មោះហេង ធូ ជាជនដៃដល់ លួចលុយភ្ញៀវខាងលើ ទើបសមត្ថកិច្ច ឃាត់ខ្លួនស្រ្តីសង្ស័យឈ្មោះ ហេង ធូ ដើម្បីសាកសួរបន្តនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។ ចំណែកស្រ្តីម្នាក់ទៀត សមត្ថកិច្ចអនុញ្ញាតឲ្យវិលត្រឡប់ទៅវិញ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ស្រ្តីម៉ាស្សា ឈ្មោះ ហេង ធូ ល្បីពេកណាស់ទៅហើយ ខាងលួច សមត្ថកិច្ចចាប់រាប់ភ្លេច បណ្តឹងគដូចភ្នំ បញ្ជូនទៅតុលាការចេះតែរួចខ្លួន មិនដឹងថាមកពីមូលហេតុអ្វី ចាំមើលលើកនេះ ក្នុងផ្ទះម៉ាស្សាមានតែគ្នា២នាក់ ម្នាក់ឆ្លើយហើយថា ស្រ្តីហេង ធូ ជាអ្នកលួច ចាំមើលតុលាកាដោះលែងទៀតអត់ រង់ចាំតាមដានទាំងអស់គ្នា៕

https://youtu.be/QyQ61cnLubg

មតិយោបល់