ភ្នំពេញៈ អ្នករត់ម៉ូតូឌុប ផ្តើមចេញពីនិយាយមិនស្តាប់គ្នា ភាគីម្ខាងទ្រាំលែងបានវាយបីដៃចំក្បាលនិងមុនភាគីម្ខាងទៀត ក៏ទ្រាំលែងបានដូចគ្នាទាញមួកសុវត្ថិភាពវាយបកចំក្បាលដេរ៧ថ្នេរ ក្រោយមកហាក់ដឹងខុសរាងៗខ្លួនសុំសម្របសម្រួលបញ្ចប់រឿង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមផ្លូវបេតុងជាប់របងសាលាបឋមសិក្សាទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ខឬស្សីកែវ រាជធានីភ្នំពេញ។
ភាគីម្ខាងមានតែម្នាក់ឯងមានឈ្មោះ ស៊ុន ធី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅម្តុំកន្លែងកើតហេតុខាងលើ អ្នកទាញមួកសុវត្ថិភាពវាយបកតបតវិញ។
ចំណែកភាគីម្ខាងទៀតមានឈ្មោះ យ៉េង យ៉ាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរត់ម៉ូតូឌុបដូចគ្នា ស្នាក់នៅម្តុំកន្លែងវាយកូនហ្គោល សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ របួសក្បាលដេរ៧ថ្នេរ និងម្នាក់ទៀតជាគ្នារបស់ឈ្មោះ យ៉េង យ៉ាន មិនត្រូវបានស្គាល់ឈ្មោះ ហើយក៏គ្មានរបួសដែរ។
ប្រភពព័ត៌មានពីភាគីគ្នារបស់ឈ្មោះ យ៉េង យ៉ាន ឲ្យដឹងថានៅ មុនពេលកើតហេតុ ផ្តើមចេញពីនិយាយគ្នាជាមួយឈ្មោះ ស៊ុន ធី មិនស្តាប់ចតម៉ូតូនៅខាងលិចពួកគាត់ដែលនៅជាប់របងសាលាបឋមសិក្សាទួលសង្កែ គាត់ថាចតកន្លែងដែលពួកគាត់មិនចង់ឲ្យចតហើយថាឈ្មោះ ស៊ុន ធី ទើបតែមករត់ឌុបដោយមានគ្នាគាត់ម្នាក់បានទៅប្រាប់ហាមមិនឲ្យចតកន្លែងនេះ ឲ្យទៅចតកន្លែងផ្សេងវិញតែនៅតែមិនស្តាប់ហើយបន្តចតទៀតដដែល ក្រោយមករូបគាត់បានចេញទៅទៅផ្ទះបាត់មិនដឹងយ៉ាងម៉េចទៀតស្រាប់តែលឺថាវាយគ្នាតែម្តង។
រីឯបុរសឈ្មោះ យ៉េន យ៉ាន ឲ្យដឹងថាដោយសារប៉ះសម្ដីគ្នាទៅវិញទៅមកខ្លួនទ្រាំមិនបានក៏បានទះកំភ្លៀងទៅលើឈ្មោះ ស៊ុន ធី មួយដៃហើយត្រូវភាគី ស៊ុន ធី យកមួកសុវត្ថិភាពវាយចំក្បាលដេរអស់៧ថ្នេរ។
ចំណែកឯលោក ស៊ុន ធី វិញបានឲ្យដឹងថាលោក យ៉េង យ៉ាន បានក្តាប់កូនសោម៉ូតូវាយមុខនិងក្បាលរបស់គាត់ចំនួន៣ដៃ និងមានគ្នាគេម្នាក់ទៀតជួយវាយមកលើរូបលោក ទើបធ្វើឲ្យលោកទ្រាំមិនបានទាញមួកសុវត្ថិភាពវាយចំក្បាលតបតទៅវិញ។ លោកបន្តថាបើកុំតែមានអ្នកនៅក្បែរនោះជួយឃាត់ កុំអីប្រហែលជាលោកត្រូវគេវាយទ្រមខ្លួនហើយ។
ទោះជាយ៉ាងណាក្រោយពេលកើតហេតុភាគីទាំងសងខាងហាក់ដឹងថាការប្រើអំអើហិង្សាដាក់គ្នាវាយគ្នាទៅវិញទៅមកជារឿងខុស ទើបមានការភ្ញាក់រលឹកសុំសម្របសម្រួលគ្នា និងសុំឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ជួយធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តហិង្សាដាក់គ្នាទៅវិញទៅមកតទៅទៀតនិងឈប់វែងឆ្ងាយសុំបញ្ចប់រឿងត្រឹមហ្នឹង៕
មតិយោបល់