ព័ត៌មានជាតិ

ទុសេខ្សែភ្លើង បណ្ដាលឲ្យឆេះផ្ទះល្វែងលក់ចាបហួយទាំងយប់

ភ្នំពេញ: ផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែង ក្នុងភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយ គេឃើញមានទុសេចរន្តអគ្គិសនី ពីក្នុងផ្ទះខាងលើ ខណ:ដែលម្ចាស់ផ្ទះ កំពុងសម្រាកខាងក្នុងផងដែរ ។ ដោយភ្លាមនោះ ម្ចាស់ផ្ទះរងគ្រោះភ្ញាក់ដឹងខ្លួន ហើយបាននាំកូនចៅរត់ចេញមកខាងក្រៅ។

បន្ទាប់មកក៏មានអណ្ដាតភ្លើង ឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្ដង បណ្ដាលឲ្យម៉ូតូចំនួន៣គ្រឿង និងទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួនធំ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ។

ករណីនេះ ប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់អាជ្ញាធរមានសមត្ថកិច្ច ឲ្យចេញរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ ដោយសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ទើបរលត់ទៅវិញទាំងស្រុង៕

មតិយោបល់