ព័ត៌មានជាតិ

យ៉ីឌុបដឹកទំនិញ រេចង្កូតបុកឡើងខឿនទ្រូងផ្លូវ បណ្ដាលឲ្យបាក់បង្គោភ្លើងរាបដល់ដី

ភ្នំពេញ: កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តយ៉ីឌុបដឹកទំនិញមួយគ្រឿង បានរេចង្កូតឡើងលើខឿនទ្រូងផ្លូវ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបដល់ដីមួយដើម ស្ថិតនៅតាមមហាវិថីឈ្នះឈ្នះ ចំណុចភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

រថយន្តបង្ក ប្រភេទយ៉ីឌុប ម៉ាក ហ៊ីណូ ពណ៌ស ខាងមុខត្រូវបាន ម្ចាស់រថយន្តដោះ ស្លាកលេខទុកបាត់ នៅតែស្លាកលេខខាងក្រោយ មិនដោះ ឃើញពាក់ស្លាកលេខ កំពង់ចាម 4A-0138 ដឹកទំនិញ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក បើកមកដល់ចំណុចខាងលើ បានគេចរថយន្តមួយគ្រឿង ក៏រេចង្កូតឡើងខឿនទ្រូងផ្លូវ បុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម ចំណែករថយន្តផុកង់ទៅមុខលែងរួច ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ រួចប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ក្រុងភ្នំពេញ អូសយកទៅរក្សាទុក រង់ចាំដោះស្រាយ ផលប៉ះពាល់ជាក្រោយ តែដោយសារកាលពីយប់ថ្ងៃទី២៣ មិនមានរថយន្តធុនធំ សម្រាប់ស្ទូច ទើបរថយន្តបង្កនៅកន្លែងដដែលរហូតដល់ព្រឹកថ្ងៃទី២៤៕

មតិយោបល់