កណ្ដាលៈ នៅវេលាម៉ោង ៦ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ស្រ្ដីម្នាក់ខណៈកំពុងជិះកង់តាមដងផ្លូវ ត្រូវបានរថយន្ដមួយគ្រឿង បើករេចង្កូតមកឆ្វេង បុកពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ លើកំណាត់ផ្លូវជាតិលេខ១១០ ចំណុចផ្លូវកោង ស្ថិតនៅក្នុងភូមិ ក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
ស្រ្ដីរងគ្រោះឈ្មោះ គង លឹមអូន ភេទស្រី អាយុ ៦៤ឆ្នាំ មុខរបរកសិករ (ស្លាប់) មានទីលំនៅភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ។ ចំណែករថយន្ដម៉ាកតូយ៉ូតា ហាយឡែនឌ័រ ពណ៌ ក្រហម ពាក់ស្លាកលេខ សៀមរាប 1B-2869 បើកបរដោយឈ្មោះ ហេង គឹមហ៊ ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅភូមិពោធិ៍កណ្ដាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ដំណើររឿង៖ នៅមុនពេលកើតហេតុ សាក្សីបានឃើញស្រ្ដីរងគ្រោះខាងលើ ជិះកង់តាមបណ្ដោយផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចផ្លូវកោង ស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាក ហាយឡែនឌ័រ បើកក្នុងទិសដៅពីជើងទៅត្បូង (ច្រាស់ទិសគ្នា) បានរេចង្កូតមកឆ្វេង បុកស្រ្ដីរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ស្រុក បានចុះអន្ដរាគមន៍ ឃាត់ខ្លួនអ្នកបើកបរ និងរថយន្ត រួចពិនិត្យវាស់វែងកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់។
មូលហតុ៖ ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្តងងឹតមុខ រេចង្កូតទៅឆ្វេងបុកស្រ្ដីរងគ្រោះជាអ្នកជិះកង់តែម្ដង ៕
មតិយោបល់