ព័ត៌មានជាតិ

យុវជនម្នាក់បើកគោយន្តដឹកគោរេចង្កូតទៅបុករថយន្តដឹកប្រេងក្រុមហ៊ុនតេលាកម្ពុជា បណ្ដាលឲ្យរបួសធ្ងន់

ពោធិ៍សាត់ៈ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តដឹកគោ រេចង្កូតទៅបុករថយន្តដឹកប្រេងរបស់ក្រុមហ៊ុនកម្ពុជាតេលា បណ្ដាលឲ្យរងរបួសធ្ងន់ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២០០-២២១ ទល់មុខការដ្ឋានសាងសង់ស្ពានរបស់ក្រុមហ៊ុនមុន្នីរ៉ាត ស្ថិតក្នុងភូមិនិគមន៍លើ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះឈ្មោះ ហម ស៊ីនេត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ រងរបួសធ្ងន់ ។

ដំណើររឿង៖ មុនពេលកើតហេតុមានរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនតេលាកម្ពុជា ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានគោយន្តកន្ត្រៃមួយគ្រឿង សណ្តោងរ៉ឺម៉កដឹកគោពីរក្បាល ធ្វើដំណើរក្នុងទិសដៅច្រាសគ្នា បានរេចង្កូត បុករថយន្តដឹកប្រេង បណ្តាលឲ្យអ្នកបើកបរគោយន្តរងរបួសជាទម្ងន់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ។

សូមបញ្ជាក់៖ ករណីនេះសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកបាកាន បានឲ្យដឹងថា ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកប្រតិបត្តិស្រុកបាកាន ចំពោះគោយន្តសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល រង់ចាំក្រុមគ្រួសារមកទទួលយក រីឯរថយន្តដឹកប្រេងបានបន្តដំណើរទៅកាន់គោលដៅរបស់ខ្លួន៕

មតិយោបល់