ព័ត៌មានជាតិ

រថយន្តបើកគេចម៉ូតូបណ្ដាលឲ្យក្រឡាប់តៃកុងគៀបជាប់កាប៊ីនស្លាប់ និង២នាក់ទៀតរបួសធ្ងន់ស្រាល

ខេត្តស្ទឹងត្រែងៈ កាលពីវេលាម៉ោង ៤និង៤០នាទីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តគេចម៉ូតូ បណ្ដាលឲ្យមនុស្សរបួសធ្ងន់ស្រាល។

រថយន្តកូរ៉េមួយគ្រឿង ជិះគ្នា ៣នាក់ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2AV-5402 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណរងរបួសស្រាល ចំណែកអ្នករួមដំណើរ ២នាក់ក្នុងនោះបុរសម្នាក់ជាព្រូមិនស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ និងបុរសម្នាក់ទៀតឈ្មោះ វ៉ាន់ ដា អាយុប្រហែលជាង ២០ឆ្នាំ ជាកម្មករ មានទីលំនៅភូមិឃេ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានស្លាប់កៀបជាប់ក្នុងកាប៊ីនរថយន្ត

ម៉ូតូមួយគ្រឿងខាងលើ មិនស្គាល់ម៉ាកហើយអ្នកបើកបរ​ ក៏មិនស្គាល់អត្តសញ្ញាណបានបើកគេចខ្លួនបាត់ស្រមោល។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿង ជិះគ្នា ៣នាក់ ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចផ្លូវបំបែកជា ៤ក៏វាក់នឹងម៉ូតូមួយគ្រឿង បើកបរពីទិសខាជើងបត់ស្តាំ ចេញមកទិសខាងលិចក្នុងល្បឿនលឿនដូចគ្នា ទើបរថយន្តកូរ៉េកាច់ចង្កូត គេចទៅស្តាំហើបកង់ក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យអ្នកជិះក្នុងរថយន្តចំនួន ៣នាក់ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ និងស្រាលម្នាក់ រីឯអ្នកបើកបរម៉ូតូបានបើកគេចខ្លួនបាត់។ តាមការរៀបរាប់ពីជនរងគ្រោះម្នាក់ក្នុងចំណោម ៣នាក់ បានឲ្យដឹងថា​នៅមុនពេលកើតហេតុពួកគាត់បានដឹកជញ្ជូនឥដ្ឋ និងស៊ីម៉ង់ត៍យកទៅឲ្យគេ លុះរួចរាល់ក៏បើកបររថយន្តត្រឡប់ទៅវិញ ស្រាប់តែវាក់នឹងម៉ូតូ១គ្រឿងបើកចេញពីផ្លូវកែងបំបែកជា៤ ដោយសារភ័យស្លន់ស្លោពេកទើបបើករថយន្តគេចពីម៉ូតូ បណ្ដាលឲ្យរថយន្តក្រឡាប់ពីរបីត្រឡប់ធ្វើឱ្យមានអ្នកស្លាប់ និងរងរបួសធ្ងន់ស្រាលបែបនេះ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់