ព័ត៌មានជាតិ

គោះទ្វារច្រើនដងមិនបើក ស្រាប់តែគាស់បង្អួចចូលមើលផ្អើលវត្ត

កណ្ដាលៈ នៅវេលាម៉ោង ៦ល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងបន្ទប់លើសាលាឆាន់វត្តឆក់ឈើនាង ភូមិឆក់ឈើនាង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ព្រះគ្រូសូត្រស្ដាំព្រះនាម ផុន មាន ព្រះជន្ម ៧០វស្សា គង់នៅវត្តឆក់ឈើនាង ហើយមុនសាងផ្នួសព្រះអង្គមានប្រពន្ធ និងកូនប្រុសស្រី ២នាក់។

ដំណើររឿង៖ ថ្ងៃកើតហេតុបន្ទាប់ពីឆាន់បបររួច ព្រះគ្រូសូត្រស្តាំចូលទៅសឹងក្នុងបន្ទប់លើសាលាឆាន់ ដែលជាបន្ទប់របស់ព្រះអង្គ ស្រាប់តែបាត់រហូតដល់វេលាល្ងាចថ្ងៃដដែលមិនឃើញតើនឡើង ចេញមកក្រៅបន្ទប់ឡើយ ខណៈនោះព្រះចៅអធិការក៏បានទៅគោះទ្វារបន្ទប់ដោយផ្ទាល់ តែទ្វារបន្ទប់ជាប់គន្លឹះពីខាងក្នុងហើយព្រះចៅអធិការ ស្រែកហៅជាច្រើនដង ប៉ុន្តែមិនឮឆ្លើយសោះពេលនោះដោយមានការងឿងឆ្ងល់ ព្រះចៅអធិការបានឲ្យព្រះសង្ឃផ្សេងទៀត គាស់បង្អួច និងកាត់ចំរឹងដែកចូលទៅមើលឃើញសុគតបាត់ទៅហើយទើបរាយការណ៍ជូននគរបាលប៉ុស្តិ៍ឆក់ឈើនាង ឲ្យចុះមកពិនិត្យ។

ក្រោយពេលទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ឆក់ឈើនាង រាយការណ៍បន្តទៅកាន់នគរបាលស្រុកអង្គស្នួល ដើម្បីចុះទៅពិនិត្យជាក់ស្ដែង ក្នុងនោះក៏មានចូលរួមពីលោកគ្រូពេទ្យ មន្ត្រីក្រុមប្រឹក្សាឃុំឆក់ឈើនាង លោកមេភូមិព្រមទាំងកូនៗ និងសាច់ញាតិរបស់ព្រះសពផងដែរពេលកម្លាំងជំនាញធ្វើការពិនិត្យកោសល្យវិច័យបានរកឃើញថា ព្រះគ្រូសូត្រស្តាំពិតជាសុគតដោយសារអាពាធប្រចាំព្រះកាយប្រាកដមែន រួចធ្វើកំណត់ហេតុប្រគល់សពជូនព្រះចៅអធិការ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់