ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូវ៉ាក់អើជាមួយរថយន្តកុងតឺន័រជាន់ហ្រ្វាំងរអិលដួល ចូលក្រោមកង់ជាន់ដាច់ជាពីរចំណែក នៅខេត្តកណ្ដាល

ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ហេតុការណ៍នេះ ស្ថិតនៅមុខស្ថានីយប្រេងឥន្ធនៈ លី ហ៊ាង តាមបណ្ដោយផ្លូវសម្ដេចជាស៊ីមកែង និងផ្លូវ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ថា ហ្សេនហ្សាលី ភេទប្រុស អាយុ ២២ឆ្នាំ(ស្លាប់) ជនជាតិខ្មែរឥស្លាម មុខរបរជាជាងដែក ស្នាក់ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ មាន សុភឿន ភេទប្រុស អាយុ ២៨ឆ្នាំ (របួស) មុខរបរជាងសំណង់ មានស្រុកកំណើតនៅភូមិព្រែកផ្តៅ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើកបររថយន្តដឹកកុងតឺន័រមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ផ្ទៃមេឃលាយស ពាក់ស្លាកលេខ ភ្នំពេញ3D-0298 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួនរថយន្តខាងលើ ក៏បានបើកឆ្លងកាត់ផ្លូវ២០១១ ឆ្ពោះទៅផ្លូវលំខាងមុខ ស្របគ្នានោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1P-3794 បើកពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈពេលនោះដោយម៉ូតូបានវ៉ាក់អើជាមួយ នឹងរថយន្តខាងលើ រួចក៏បានចាប់ហ្វ្រាំងបណ្តាលឲ្យរអិលដួលអូសម៉ូតូរួមទាំងជនសង្ស័យ និងរងគ្រោះម្នាក់ចូលទៅខាងក្រោមរថយន្តកុងទតឺន័រ កិនចំពាក់កណ្តាលខ្លួនរងរបួសធ្ងន់ធ្ងរ រីឯបុរសម្នាក់ទៀតរងរបួសបែកមុខបែកមាត់ ភ្លាមៗនោះរថយន្តកុងតឺន័រខាងលើ បានព្យាយាមបើកបន្តដំណើរទៅមុខទៀត គេចចេញពីកន្លែងកើតហេតុទៅឈប់ចតចោលនៅក្នុងហ្គារ៉ាសជួសជុលរថយន្តមួយកន្លែង ដែលនៅក្បែរកន្លែងកើតរួចចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ ទាក់ទងហៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែងវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ឯអ្នករបួសវិញត្រូវរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកសម្ភពរស្មី ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែជាអកុសល ខណៈពេលដែលទៅមន្ទីរពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ៕

មតិយោបល់