ភ្នំពេញៈ ទីលានបាល់ទាត់ស្មៅធម្មជាតិនៃវិទ្យាល័យ ជា ស៊ីម បឹងកេងកង ដែលបានធ្វើការជួសជុល រួចចកាលពីពេលថ្មីៗកន្លងទៅនេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមទាំងមន្ដ្រីមន្ទីរ និងខណ្ឌជាច្រើនផងដែរ។
លោកស្រី ហួត យ៉ារី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឲ្យដឹងថា ទីលានបាល់ទាត់នេះ បានអនុគម្រោងស្ថាបនាចាប់ពីខែកុម្ភៈ និងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០១៦ ដោយចំណាយអស់ថវិកាសរុប៩៩.៧៨១ដុល្លារ ជាថវិកាដែលទទួលបានពីលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា ដោយសារវិស័យកីឡា កំពុងតែមានសក្ដានុពល និងពេញនិយមលេងកម្សាន្ដ ដើម្បីសុខភាពពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់វ័យ រួមទាំងសិស្សានុសិស្សផងនោះ ទើបជំរុញឲ្យរដ្ឋបាលរាជធានីភ្នំពេញស្ថាបនាទីលានបាល់ទាត់នៃវិទ្យាល័យ ជា ស៊ីម បឹងកេងកងនេះឡើង ដើម្បីផ្ដល់ឲ្យសិស្សានុសិស្សមានទីលានលេងស្រួល ក្រោយទំនេរពីការសិក្សា ដើម្បីបង្កើនសមត្ថភាពផ្លូវកាយ មានភាពឈ្លាតវៃ និងមានក្រមសីលធម៌ល្អផងដែរ។
ទន្ទឹមជាមួយគ្នានោះ លោក ប៉ា សុជាតិវង្ស ក៏បានប្រកាសអំពីយុន្ធការបង្កើតឲ្យមានសមាគមកីឡារាជធានីភ្នំពេញមួយ ដើម្បីគាំទ្ររាល់សកម្មភាពកីឡាក្នុងរាជធានីភ្នំពេញ និងជំរុញឲ្យគ្រប់ខណ្ឌទាំង មានចលនាកីឡាគ្រប់ប្រភេទ ដើម្បីធ្វើការប្រកួតជើងឯកប្រចាំឆ្នាំទៀតផង។
លោកអភិបាលបានបន្ដថា នេះ គឺជាយុទ្ធសាស្ដ្រមួយ ដើម្បីបំផុសសកម្មភាពកីឡា និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាមួយរាជរដ្ឋាភិបាល ដែលកំពុងយកចិត្តទុកដាក់ជាខ្លាំង ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣។
ទីលានបាល់ទាត់ស្មៅធម្មជាតិ នៃវិទ្យាល័យបឹងកេងកង ដែលបានចំណាយអស់ជិត ១០ម៉ឺនដុល្លារនេះ គឺស្ថាបនាឡើងដោយការចាក់ដីនិងដាំស្មៅលើផ្ទៃដី ៧៩២០ម៉ែត្រក្រឡា, ការសាងសង់វេទិកា ១ខ្នងទំហំ ៩៩.៥០ម៉ែត្រក្រឡា, ការរៀបចំក្រាលការ៉ូឡាទំហំ ១.៦០០ម៉ែត្រក្រឡា និងរៀបចំប្រព័ន្ធលូ ទុយ៉ូទឹកស្អាត ព្រមទាំងការដាំដើមឈើរបន្ថែមផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងពិធីសម្ពោធនោះក៏មានការប្រកួតកីឡាបាល់ទាត់ជាលក្ខណៈមិត្តភា ពដើម្បីដណ្តើមពានរង្វាន់ផងដែរ ក្នុងនោះពានរង្វាន់លេខ១បានទៅលើក្រុមកីឡាករមកពីមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញនិងលេខ២បានទៅលើក្រុមកីឡាករមកពីសាលារាជធានីភ្នំពេញ ដោយលេខ១ទទួលបានពានមួយនិងទឺកប្រាក់ចំនួន៤លានរៀល លេខ២បានពានមួយនិងទឹកប្រាក់២លានរៀលពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ៕
មតិយោបល់