ភ្នំពេញៈ ប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ និងជាជំនួយការអគ្គនាយក នៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក អ៊ឹង ជាវែង ដែលត្រូវបាន ACU ចាប់ខ្លួននោះ អាចប្រឈមនឹងការជាប់ពន្ធនាគារពី២ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល បន្ទាប់ពីតំណាងអយ្យការបានចំណាយពេលសាកសួរអស់រយៈពេលជិត៤ម៉ោង នៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ ដោយសម្រេចចោទប្រកាន់ពីបទវិតិក្រម នៃក្រមព្រហ្មទណ្ឌ។
លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងមុននេះបន្តិចថា “បន្ទាប់ពីបញ្ចប់ការសួរចម្លើយ ការពិនិត្យឯកសារ និងភស្តុតាង នៅក្នុងសំណុំរឿងដែលបញ្ជូនមកពីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអយ្យការបានសម្រេចបើកការសើបសួរ ដោយចោទប្រកាន់ឈ្មោះ អ៊ឹង ជាវែង ពីបទ វិតិក្រម តាមមាត្រា៥៩២ មាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ប្រឆាំងអំពើពុករលួយ ហើយបញ្ជូនទៅចៅក្រមសើបសួរដើម្បីចាត់ការបន្ត”។
គួរជម្រាបថា ជនសង្ស័យ អ៊ឹង ជាវែង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU ចាប់ខ្លួនកាលពីម៉ោង៧យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ។ តាមការអះអាងរបស់ប្រភព ការចាប់ខ្លួនជនសង្ស័យខាងលើនេះ គឺជាប់ពាក់ព័ន្ធអំពើពុករលួយ ប៉ុន្តែប្រភពមិនអាចបញ្ជាក់ឲ្យដឹងថា ជាអំពើពុករលួយលើរឿងអ្វីឲ្យប្រាកដឡើយ។
បើយោងតាមមាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌ បានចែងថា បទវិតិក្រម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល៕
មតិយោបល់