កណ្ដាលៈ ម៉ូតូមួយគ្រឿង បើកដោយល្បឿនលឿនរេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត បើកច្រាស់ទិសគ្នា បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅកន្លែង និង២នាក់ទៀតរងរបួសធ្ងន់ ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង
៨យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ស្ថិតក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ជឿន អោដារ៉េត ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នករួមដំណើររីឯជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ភានី ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1B-0826។ ជនរងគ្រោះទាំង២នាក់ មានទីលំនៅ
ភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ។ ចំណែកជនរងគ្រោះភាគីម៉ូតូម្ខាងទៀត ឈ្មោះ រ៉សេត ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសធ្ងន់ មានទីលំនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1CS-3937 ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ សាក្សី បានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ធ្វើដំណើរឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើង ទៅត្បួងដោយបើកបរក្នុងគន្លងផ្លូវខាងកើត សួន បញ្ច្រាស់ទិសដៅមិនប្រកានស្តាំ លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបើកគេចគំនរខ្សាច់នៅចិញ្ចើមផ្លូវខាងកើត ហើយបានជ្រុលចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា ស៊េរីឆ្នាំ២០១៥ ដែលកំពុងបើកបរពេញមួយទំហឹង បណ្ដាលឲ្យអ្នករួមដំណើរពីក្រោយម៉ូតូហុងដា ស៊េរីឆ្នាំ២០១០ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបររងរបួសធ្ងន់ ដោយឡែកភាគីអ្នកបើកបរម៉ូតូម្ខាងទៀតស៊េរីឆ្នាំ២០១៥ រងរបួសធ្ងន់ ផងដែរ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រាជធានីភ្នាំពេញ ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ច ចុះធ្វើការវាស់វែង កសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះសាកសព សមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ព័ត៌មានជាតិ
មតិយោបល់