ព័ត៌មានជាតិ

ស្រវឹងស្រាប្រើអំពើហិង្សារក្នុងគ្រួសារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំង: បុរសម្នាក់ស្រវឹងស្រា បានប្រើអំពើហិង្សាវាយដំប្រពន្ធ និងកូនឲ្យមានរបួសស្នាមជាញឹកញាប់ ដោយមិនអាចទ្រាំនិងអំពើនេះ បានទៅទៀត ទើបប្រពន្ធសម្រេចចិត្ត ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង។

ករណីប្រើអំពើហិង្សា ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៩និង៤៥នាទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចខ្ទមចាំស្រែរបស់ខ្លួនស្ថិតក្នុងភូមិតាំងគ្រួសឃុំក្រាំល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនដៃដល់ក្នុងអំពើហិង្សា នេះ មានឈ្មោះ យូ ឡុ អាយុ២៨ឆ្នាំមានប្រពន្ធ អ៊ិត មុំ អាយុ២៨ឆ្នាំ មានកូនពីរនាក់ នៅក្នុងបន្ទុក រស់នៅក្នុងភូមិឃុំស្រុកខាងលើ ។

យោងតាមរបាយការណ៍របស់មត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុប្តីប្រពន្ធនិងកូនបានទៅដេកចាំស្រែនៅចំណុចខាងលើ ខណះពេលប្តីផឹកស្រាស្រវឹង បានរករឿងប្រពន្ធនិងកូនៗដោយបានវាយធ្វើបាបស្ទើរតែរាល់ថ្ងៃ និងបានយកចំពាមកៅស៊ូបាញ់ត្រូវខ្នង និងខ្លួនមុខប្រពន្ធរបួសទៀតផង។

របាយការណ៍ បន្តទៀតថា ជនសង្ស័យរូបនេះ កន្លងមកធ្លាប់ប្រើអំពើហិង្សា ទៅលើប្រពន្ធជាញឹកញាប់ហើយក៍ធ្លាប់បានដុតបំផ្លាញផ្ទះសម្បែងអស់មួយខ្នង និងបានវាយទៅលើឪពុកក្មេកបណ្តាលឲ្យបែកក្បាលផងដែរ ។ ដោយមិនអាចទ្រាំទ្រនិងអំពើហិង្សាបានម្តងហើយម្តងទៀតមិនបាន ទើបប្រពន្ធបានដាក់ពាក្យប្តឹងមកសមត្ថកិច្ចមូលដ្ឋាន ហើយសមត្ថកិច្ចក៏បានចុះដល់លំនៅឋានស្ត្រីរងគ្រោះ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាប្តីក្នុងអំពើហិង្សាខាងលើនាំយកមកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តមកការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចាត់ការបន្ត ក្នុងនោះសមត្ថកិច្ចក៏បានរកឃើញដាវ១ដើម និងចំពាមកៅស៊ូ១ផងដែរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ក្នុងអំពើហិង្សាខាងលើ បានសារភាពថាខ្លួនពិតជាបានវាយប្រពន្ធកូន និងវាយឪពុក ក្មេកបែកក្បាលហើយបានបាញ់ប្រពន្ធកូននិងចំពាមកៅស៊ូឲ្យរបួសពិតប្រាកដមែន។ ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ធ្វើការសាកសួរនិងបានកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់