ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

លាតត្រដាងការពិត ក្រោយពេល ម៉េង កែវពេជ្ជតា វាយប្រហារ Post News

ភ្នំពេញៈ បន្ទាប់ពីមានការយល់ច្រឡំពីសំណាក់ប្រិយមិត្តអ្នកអាន និងសាធារណជន ក្រោយពេលដែលអ្នកនាង ម៉េង កែវពេជ្ជតា បានយកអត្ថបទព័ត៌មានរបស់ Post News ទៅបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយមិនមានមូលដ្ឋានច្បាស់លាស់ ហើយថែមទាំងបានសរសេរនូវសំណេរមាក់ងាយ និងគំរាមប្ដឹងម្ដងជាពីរដង ក្នុងន័យបំភិតបំភ័យដល់អ្នកយកព័ត៌មានរបស់អង្គភាពនោះ នៅថ្ងៃទី៣០ ខែមិថុនានេះ អង្គភាពព័ត៌មាន Post News Media សូមធ្វើការបញ្ជាក់ជូនដល់សាធារណជនឲ្យបានជ្រាបថា អ្វីដែលអង្គភាពយើងខ្ញុំបានចុះផ្សាយនាពេលកន្លងមក គឺធ្វើឡើងដោយវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌ច្បាស់លាស់។

ការិយាល័យនិពន្ធ Post News សូមធ្វើការបញ្ជាក់ថា ហេតុផលដែលនាំឲ្យមានការចុះផ្សាយនូវព័ត៌មាននោះ គឺបណ្ដាលមកពីអ្នកនាង ម៉េង កែវពេជ្ជតា ជាអ្នកលើកឡើងជាសាធារណៈខ្លួនឯង កាលពីថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងពិធីប្រគំតន្ត្រីជួយដល់ល្ខោនខោល នៅចំពោះមុខសាធារណជន ដែលមានអ្នកចូលរួមរាប់រយនាក់ថា «និយាយរួមទៅនិយាយអត់ខ្មាស់ទេ ពេលដែលបងបែកបាក់គ្រួសារ គឺសឹងតែបងគ្មានជីវិតទេ បងអស់សង្ឃឹមមែនទែន។ ប៉ុន្តែអ្វីដែលធ្វើឲ្យបងមានកម្លាំងចិត្ត គឺកេរ្តិ៍ឈ្មោះរបស់បង និងត្រកូលរបស់ក្រុមគ្រួសារបង ហើយមួយទៀត គឺកូនរបស់បង។ ក្នុងនាមបងជាមនុស្សមិនចាំបាច់យើងជាបុរសទេ ជាស្រ្តីក៏ត្រូវមានទំនួលខុសត្រូវដែរ ចឹងបើបងទៅស្លាប់ តើកូន២នាក់របស់បង មានអ្នកណាមើល បងជឿថា មានគេយកមើល ប៉ុន្តែមិនដូចម្ដាយហ្អេ ចឹងបងត្រូវតែរស់។ បងវេទនាណាស់ ប្រសិនបើពេលនោះ មិនមែនជារូបបងវិញណា អាចនឹងស្លាប់ហើយ ចង-ក លោតទឹក លេបថ្នាំអីចឹងទៅ ពីព្រោះថា ដូចបងច្រៀងមិញចឹង គេក្បត់យើង គេរួចខ្លួន តែយើងមានកំហុសមិនបាច់ដល់ក្បត់គេទេ តាគេយល់ច្រឡំ ក៏គេថា យើងដែរ ពេលនឹងហើយដែលសម្ពាធប្រពៃណី គឺថា ស្រ្តីឆាប់ខុសជាងគេ ឆាប់ខុសហា…»។

ផ្អែកលើសម្ដីដែលបានលើកឡើងខាងលើនេះ ទើបសារព័ត៌មាន Post News ចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា «ម៉េង កែវពេជ្ជតា រលឹករឿងអាស្រូវអតីតស្វាមី» ដែលចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ដោយបានរំឭកថា បណ្ដាលមកពីស្វាមីអ្នកនាងមានស្រី ហើយភាគីខាងស្វាមី ក៏ចោទថា អ្នកនាងមានអ្នកទី៣ ផ្ទុយស្រឡះពីការពិត ទើបបណ្ដាលឲ្យអ្នកនាងសម្រេចចិត្តលែងលះ។ អ្វីដែលអត្ថបទបានធ្វើការលើកឡើង វាមិនមែនជាទិន្នន័យថ្មី ដែលមិនធ្លាប់បានឮនោះទេ ដោយសារតែរឿងរ៉ាវនោះ ត្រូវបានអ្នកនាង និងស្វាមីខ្លួនឯងទេ ដែលបានលាតត្រដាងជាសាធារណៈរួចទៅហើយ ធ្វើជាមូលហេតុក្នុងពេលលែងលះគ្នា។

ជុំវិញករណីនេះដែរ លោក ស្រេង ដារ៉ា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Post News Media បានឲ្យដឹងថា លោកមានការសោកស្ដាយយ៉ាងខ្លាំង ដែលអ្នកនាង ម៉េង កែវពេជ្ជតា មានការយល់ច្រឡំថា នោះជាព័ត៌មានបំផ្លើសការពិត និងជាការបរិហារកេរ្តិ៍ ក្នុងពេលដែលអ្នកនាងខ្លួនឯង គឺជាអ្នករំឭកពីការឈឺចាប់របស់ខ្លួនជាសាធារណៈដោយផ្ទាល់មាត់ ដោយមិនមានអ្នកណាសួរនាំ។ លោកថា អត្ថន័យនៅក្នុងអត្ថបទនោះ គ្រាន់តែចង់លើកទឹកចិត្តចំពោះអ្នកនាង ដែលមិនជ្រើសយកផ្លូវសម្លាប់ខ្លួន ដូចអ្វីដែលអ្នកនាងបានប្រកាស និងបង្ហាញថា អ្នកនាង គឺជាស្រ្តីរឹងមាំ បើទោះជារងសម្ពាធក្នុងពេលលែងលះ ដែលអ្នកនាងបានលើកឡើងប៉ុណ្ណោះ។ លោកបន្ថែមទៀតថា អង្គភាពកាន់តែមានការសោកស្ដាយថែមទៀត ដែលអ្នកនាង ម៉ែង កែវពេជ្ជតា មិនបានស្នើឲ្យមានការកែតម្រូវព័ត៌មាននេះ ក្រោយពេលចេញផ្សាយ ដែលផ្ទុយទៅវិញ អ្នកនាងបែរជាយកអត្ថបទដែលបានចុះផ្សាយទៅបង្ហោះ ដោយភ្ជាប់អត្តសញ្ញាណរបស់អង្គភាពនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន វាយប្រហារជាសាធារណៈ អមដោយពាក្យជេរប្រទិចផ្ដាសារាប់មិនអស់ ហើយបានទាំងប្រើពាក្យមាក់ងាយ ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់អ្នកយកព័ត៌មាន Post News និងអង្គភាព Post News ផ្ទុយពីផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ។ សកម្មភាពរបស់អ្នកនាង ត្រូវបានធ្វើឡើងម្ដងហើយម្ដងទៀត នៅលើគណនីហ្វេសប៊ុក និងទំព័រហ្វេសប៊ុក(Facebook Page)ផ្លូវការរបស់ខ្លួន ដែលមានចំនួនអ្នកមើលរហូតដល់ច្រើនពាន់នាក់។

លោក ស្រេង ដារ៉ា ក៏បានបញ្ជាក់បន្ថែមថា សារជេរប្រមាថដែលអ្នកនាង ម៉េង កែវពេជ្ជតា ធ្វើឡើងក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រៅពីផ្ទុយនឹងផ្លូវច្បាប់ ក៏មានន័យបំភិតបំភ័យលើអាជីពជាអ្នកសារព័ត៌មានទូទៅ ដែលខាងអង្គភាព Post News មិនអាចទទួលយកបាន។ ការប្រមាថណាមួយដែលបានធ្វើឡើងមកលើអ្នកយកព័ត៌មានរបស់អង្គភាព ស្មើនឹងការមាក់ងាយ បង្ខូចឈ្មោះជាសាធារណៈដល់អង្គភាពទាំងស្រុង ដោយសារតែអត្ថបទនោះ ជាអត្ថបទដែលបានចុះនៅលើ Post News ហើយអង្គភាពក៏បានប្រមូលនូវឯកសារបង្ហោះរបស់អ្នកនាង ដែលមានខ្លឹមសារមាក់ងាយ និងប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់អង្គភាពជាសាធារណៈ ដើម្បីតម្កល់ទុកជាឯកសារសម្រាប់ប្រើប្រាស់តាមផ្លូវច្បាប់ក្នុងករណីចាំបាច់។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ Post News ក៏បញ្ជាក់ផងដែរ ជុំវិញការចុះផ្សាយព័ត៌មានក្រោមចំណងជើងថា «សមាគមសិល្បករខ្មែរ និងក្រសួងវប្បធម៌ គួរមានចំណាត់ការលើតារាចម្រៀង ម៉េង កែវពេជ្ជតា» ដែលអ្នកនាង ម៉េង កែវពេជ្ជតា ប្រកាសថា អង្គភាពរបស់លោកសរសេរឡើង ក្នុងន័យគំរាមកំហែងអ្នកនាងនៅលើហ្វេសប៊ុក គឺជាការយល់ខុសទាំងស្រុង ដោយសារតែអត្ថបទនោះ ត្រូវបានចុះផ្សាយដោយវេបសាយ Khmerbestnews មិនមែន www.postnews.com.kh ឡើយ។

ទោះជាយ៉ាងណា អង្គភាពសារព័ត៌មាន Post News Media នៅបើកផ្លូវឲ្យអ្នកនាង ម៉េង កែវពេជ្ជតា ដោយលោក ស្រេង ដារ៉ា បញ្ជាក់ថា ការិយាល័យនិពន្ធ មិនដែលបដិសេធមិនធ្វើការស្រាយបំភ្លឺ ឬកែតម្រូវចំពោះអត្ថបទព័ត៌មាន ដែលមានកំហុសឆ្គងនោះឡើយ ហើយលោកស្នើឲ្យអ្នកនាងបញ្ចប់ទាំងស្រុងនូវការបង្ហោះសារផ្សេងៗ ដែលមានខ្លឹមសារធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់អង្គភាព និងបុគ្គលិកក្រោមឱវាទរបស់ខ្លួន។ លោកស្នើឲ្យអ្នកនាងដាក់ពាក្យមកអង្គភាពរបស់លោក ដើម្បីសុំធ្វើការបំភ្លឺ ឬកែតម្រូវនូវអត្ថបទដែលបានចុះផ្សាយនាពេលកន្លងមក ជៀសវាងបង្កឲ្យក្លាយជាការវាយប្រហារកាន់តែធ្ងន់ធ្ងរមកលើស្ថាប័ន និងបុគ្គលិករបស់អង្គភាព៕

មតិយោបល់