ព័ត៌មានជាតិ

រថយន្តដឹកត្រី បត់ស្តាំមិនប្រយ័ត្នកៀររថយន្តកូរ៉ូឡា ខ្ទេចមុខមួយចំហៀង

ភ្នំពេញៈ រថយន្តធុនធំដឹកត្រីមួយគ្រឿង អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន បានបត់ស្តាំទៅកៀររថយន្តកូរ៉ូឡា បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខមួយចំហៀង កាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៤ ខាងមុខជាប់សាលា សង្កាត់ចោមចៅ៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តធុនធំ ដឹកធុងត្រី ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1600 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ចំណុចខាងលើ រថយន្តបត់ស្តាំបំណងឆ្លងផ្លូវ ចូលក្នុងភូមិឆ្ពោះចេញទៅផ្លូវជាតិលេខ៣ តែដោយសារការធ្វេសប្រហែស របស់អ្នកបើកបររថយន្តដឹកត្រី មិនប្រយ័ត្ន ពេលបត់ក៏ជ្រុលកៀររថយន្តកូរ៉ូឡា ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2G-0426 ដែលកំពុងបើកស្របទិស បណ្តាលឲ្យរងខូចខាត ។

ក្រោយកើតហេតុ ភាគីសងខាងសុំធ្វើការសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្ក ចេញសងថ្លៃជួសជុល ដើម្បីបញ្ចប់រឿង៕

មតិយោបល់