ព័ត៌មានជាតិ

Update៖ ចេញពីផឹកស៊ី ជិះម៉ូតូទៅផ្ទះមិត្តភក្ដិ ជួបគ្រោះអកុសល ត្រូវរថយន្តកិនស្លាប់ និងរបួស ២នាក់ នៅខណ្ឌកំបូល

ភ្នំពេញ: បុរស២នាក់ ជិះម៉ូតូចេញពីផឹកស៊ី បំណងទៅផ្ទះមិត្តភក្ដិ មិនប្រយ័ត្នក៏ទៅបុកកន្ទុយរថយន្តកុងតឺន័រ បណ្តាលឲ្យដួល ក៏ត្រូវរថយន្តលុចស៊ីស បើកមកកិនពីលើ ស្លាប់ម្នាក់ និង របួសធ្ងន់ម្នាក់ ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅមុខវត្តអរុណវតី សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ ផាន ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅម្ដុំ ជ្រៃកោង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជាអ្នកឌុប ជិះម៉ូតូម៉ាក ហុងដា ឌ្រីមC125ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាក លេខ ភ្នំពេញ 1GW.2465 ។ ចំណែកអ្នករួមដំណើរ រងរបួសធ្ងន់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង មានគ្នា២នាក់ ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿនល្មម ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រ មួយគ្រឿង មិនចាំស្លាកលេខបើក តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចមកកើត ហើយបត់ឆ្លងផ្លូវមកខាងឆ្វេងដៃ ចូលតាមខ្លោងទ្វារវត្តអរុណវតី ក៏ត្រូវម៉ូតូខាងលើ បុកកន្ទុយរថយន្ត បណ្តាលឲ្យដួលម៉ូតូប្រាវ។ ខណនោះ ក៏មានរថយន្តមួយគ្រឿងទៀត ម៉ាកលុចស៊ីស មិនចាំស្លាកលេខ បើកតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចមកកើតកិនពីលើ ជនរងគ្រោះម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង និងម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយ ដឹកទៅសង្រ្គោះភ្លាមៗ ចំណែករថយន្តទាំង២គ្រឿង បានបើករត់បាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកវាស់វែង រួចទំនាក់ទំនងហៅសាច់ញាតិ ដើម្បីឲ្យមកទទួលសព យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់