ព័ត៌មានជាតិ

ឡង់គ្រីស័រស៊េរីទំនើប ស្លាកលេខខេមរៈភូមិន្ទ 01.2.1366 ពន្លះកង់បីឥណ្ឌាពីក្រោយ បណ្ដាលឲ្យរបួសបែកក្បាលបុរសម្នាក់

ភ្នំពេញៈ បុរសម្នាក់ស្រវឹង បើករថយន្តទំនើបមួយគ្រឿង ចុះពីលើស្ពានជ្រោយចង្វាបោះពួយយ៉ាងលឿន ក៏ជ្រុលទៅបុកកង់បីឥណ្ឌាពីក្រោយពេញទំហឹង បណ្ដាលឲ្យរបួសស្រាលបុរសម្នាក់ ហើយរថយន្តមិនទាន់អស់ល្បឿន បន្តឡើងសួនរង្វង់មូលព្រុំមុខបួន រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចគល់ស្ពានជ្រោយចង្វារត្រើយខាងកើត ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រា បានបើករថយន្តទំនើបម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខខេមរៈភូមិន្ទ 01.2.1366 ធ្វើដំណើរពីលិចឡើងស្ពានទៅកើត ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅមុខកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HQ 0545 បើកដោយបុរសម្នាក់ ស្របគ្នាខាងមុខពេញទំហឹង បណ្ដាលឲ្យម្ចាស់កង់បីរងរបួសបែកក្បាលស្រាល រីឯរថយន្តមិនទាន់អស់ល្បឿន បានជ្រុលឡើងរង្វង់មូលតាព្រហ្ម ធ្វើឲ្យបាក់ដើមឈើបីដើម ចំណែកកង់បី និងរថយន្តខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញចុះវាស់វែង យករថយន្តបង្ក និងកង់បីឥណ្ឌា ទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់