ព័ត៌មានជាតិ

ឪពុកចិត្តកំណាច ​ចាប់រំលោភ​កូនស្រី​របស់ខ្លួន​រហូត​មានផ្ទៃពោះ ទើប​បែកការណ៍​

ពោធិ៍សាត់ៈ យោងតាមផេក​អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រឿងអាស្រូវ​មួយ​ត្រូវបាន​បែកធ្លាយ ដោយ​ករណី​ឪពុក​បង្កើត​ចាប់រំលោភ​កូន​ខ្លួនឯង​រហូត​មាន​ផ្ទៃពោះ ។ ហេតុការណ៍​នេះ​កើតឡើង​តាំងពី​អំឡុង​ឆ្នាំ​២០១៧​រហូតមកដល់ ខែមេសា​ឆ្នាំ​២០១៨ ម្តាយ​នាង​មាន​មន្ទិលសង្ស័យ​យក​កូន​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យ​ទើប​ដឹងថា កូន​មាន​ផ្ទៃពោះ​ក៏មាន​ការភ្ញាក់ផ្អើល​មក​ប្តឹង​សមត្ថកិច្ច​ធ្វើ​ការស៊ីបអង្កេត​ចាប់ខ្លួន​ជនសង្ស័យ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១៤ ​ខែធ្នូ ​ឆ្នាំ​២០១៨​ នេះ​តែម្តង ។​

​តាម​ការរៀប​របស់​ឈ្មោះ ម​-​គ​-​ធ អាយុ​១៦​ឆ្នាំ រស់នៅខេត្តពោធិ៍សាត់​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបនាង​និង​ឪពុក​បង្កើត​របស់ខ្លួន​ឈ្មោះ សាំង សារុន បាន​ជិះ​ម៉ូតូ​ជាមួយគ្នា​ប្រកបមុខរបរ​ជាងសំណង់​ជា​រៀងរាល់ថ្ងៃ ។ លុះ​ចប់​ពី​ម៉ោង​ការងារ​ឈ្មោះ សាំង សារុន ជា​ឪពុក​បង្កើតបាន​ឲ្យ​នាង​ឌុប​ត្រឡប់មកផ្ទះ​វិញ ។ នៅពេល​នាង​ឌុប​គាត់​ម្តងៗ មកដល់​កន្លែង​មាន​សភាព​ស្ងាត់ៗ រូបគាត់​តែងតែ​យកដៃ​មក​លូក​អោប​ចង្កេះ​នាង​ខ្ញុំ​ជា​រៀង​ថ្ងៃ ដោយ​នាង​មិន​ចាំ​ថ្ងៃខែ ចាប់​តាំង​ឆ្នាំ​២០១៧ ហើយ​គំរាម​នាង​ខ្ញុំ​មិន​ឲ្យ​ប្រាប់​អ្នកណា​ទាំងអស់ ប្រសិនបើ​រូបនាង​ខ្ញុំ​ប្រាប់​ម្តាយ ជនសង្ស័យ​ជា​ឪពុក​នឹង​វាយ​ទាំង​ម្តាយ​នឹង​កូន ។ ដោយសារ​ភាព​ភ័យ​ក្លាយ​របស់​នាង​ក៏​មិន​ហ៊ាន​និយាយប្រាប់​ការពិត​ដល់​ម្តាយ ឬ​អ្នកជិតខាង​នោះឡើយ​។

​បើតាម​ការ​ឲ្យ​ដឹង​ពី​ម្តាយ​ជនរងគ្រោះ​បាន​បំភ្លឺថា កន្លងមក​រូបគាត់​បា​ន​សង្ស័យថា ប្តី​និង​កូនស្រី​របស់គាត់​ឃើញ​មាន​ភាពស្និទ្ធស្នាល​នឹង​គ្នា ហើយ​អ្នកស្រុក​ពិសេស​ពួក​ប្រុស​និយាយ​លេង​ជាមួយ​កូនស្រី​របស់គាត់​មិនបាន ។ ម្យ៉ាងទៀត​នៅពេល​បរិភោគ​អាហារ​ពេល​ល្ងាច​រួច ពួកគាត់​តែងតែ​ចូល​គេង​ក្នុង​មុង​ជាមួយ​ប្តី​និង​កូន ប៉ុន្តែ​ប្តី​របស់គាត់​តែងតែ​ដេញ​ខ្លួន​ឲ្យ​គាត់​ទៅ​គេង​គ្រែ​ផ្សេង​។ ចាប់តាំងពី​ពេលនោះ​មក គាត់មានការ​ងឿងឆ្ងល់ ហើយ​សង្កេតឃើញ​កូនស្រី​របស់គាត់​មាន​សភាព​ស្លេកស្លាំង ក៏​នាំ​កូនស្រី​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្នំក្រវាញ ហើយ​មានការ​អះអាង​ពី​គ្រូពេទ្យ​បាន​បញ្ជាក់ថា កូនស្រី​របស់ខ្លួន​មាន​ផ្ទៃពោះ​ហើយ។ ភ្លាមៗ គាត់​ក៏​នាំ​កូន​មក​ដាក់​ពាក្យបណ្តឹង​កាលពី​ថ្ងៃទី​១២​ ខែធ្នូ ដើម្បី​ឲ្យ​សមត្ថកិច្ច​នគរបាល​ជួយ​រក​យុត្តិធម៌​ឲ្យ​កូនស្រី​របស់គាត់​។​

​ ក្រោយពី​សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ និង​មានការ​សម្របសម្រួល​ពី​ព្រះ​អាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​សមត្ថកិច្ច​បាន​កោះហៅ​ជនសង្ស័យ​ឈ្មោះ សាំង សារុន ជា​ឪពុក​បង្កើត​ដែលជា​ជនសង្ស័យ​មកកាន់​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​និតិ​ជន នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​ធ្វើការ​សាកសួរ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យបាន​សារភាពថា ខ្លួន​ពិតជា​បាន​រំលោភ​កូនស្រី​ខ្លួនឯង​បានសម្រេច​តាំងពី​ខែមេសា​ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រមាណ​១២ យប់ នៅ​ចំណុច​លើ​គ្រែ​ក្រោមផ្ទះ​របស់ខ្លួន ស្ថិតក្នុង​ភូមិ​ថ្លុក​ដង្កោ ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូត​មាន​ផ្ទៃពោះ ដោយ​គំរាម​មិន​ឲ្យ​កូនស្រី​និយាយ​រឿងអាស្រូវ​នេះ​ប្រាប់​ម្តាយ និង​អ្នកស្រុក​ឲ្យ​ដឹង​នោះឡើយ ។​

​លោកស្រី​ស្នងការរង​បាន​បន្តថា ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​១៤​នេះ​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ ៕

មតិយោបល់