ភ្នំពេញៈ បុរសម្នាក់បើករថយន្តមួយគ្រឿង ជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់របាំងថ្មអស់១កង់ និងរថយន្តខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១៩ នៅត្រង់ចំណុចគល់ស្ពានអាកាសក្បាលថ្នល់ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកឡង់គ្រីស័រ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2D-5237 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន បំណងឡើងស្ពានអាកាសក្បាលថ្នល់ តែមិនប្រយ័ត្នក៏ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តបង្ក ដាច់កង់មុខផ្នែកខាងឆ្វេងចេញពីរថយន្ត និងបាក់របាំងថ្មអស់មួយកង់ រងការខូចខាតយ៉ាងដំណំតែម្ដង យ៉ាងណាមិញករណីនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរនោះឡើយ។
ក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្តបង្កបានចុះគេចខ្លួនបាត់។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់