ព័ត៌មានជាតិ

យុវជនម្នាក់ស្លាប់ភ្លាមៗ ខណៈពេលម៉ូតូមួយបើករេចង្កូតមកបុកពេញទំហឹង នៅខេត្តកណ្ដាល

កណ្ដាល: បុរសម្នាក់កំពុងជិះម៉ូតូសុខៗ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត បើកមិនប្រកាន់ស្ដាំដោយល្បឿនលឿន បានរេចង្កូតមកបុកពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣-១៤ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

ម៉ូតូបង្កម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ព្រៃវែង 1C-4747 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនក្រោយពេលកើតហេតុ។
ជនរងគ្រោះឈ្មោះ សួង វិសាល ភេទប្រុស អាយុ ២៤ឆ្នាំ (ស្លាប់) មានទីលំនៅភូមិរំពែងព្រះរៀម ឃុំរំពែងព្រះរៀម ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1N-1530 ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូបង្កម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន លុះដល់ចំណុចកើតហេតុ បានរេចង្កូតមកឆ្វេង ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពេញមួយទំហឹង ដែលធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យជនរងគ្រោះដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ។ ក្រោយពីហេតុនគរបាលចរាចរណ៍ស្រុកពញាឮ បានចុះធ្វើការពិនិត្យវាស់វែង កសាងសំណុំរឿងដកហូតយកមធ្យោបាយពាក់ព័ន្ធ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ ករណីខាងលើនេះ គឺបណ្តាលមកពីអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ព្រៃវែង1C47 47 បើកចូលចំណែកផ្លូវនៃយានម្ខាងទៀត មិនប្រកាន់ស្ដាំ៕

មតិយោបល់