បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ ពីបទប្រើហិង្សាដោយចេតនា ធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសដៃខាងស្តាំ ខណៈពេលដែលជនរងគ្រោះ កំពុងជិះម៉ូតូម្នាក់ឯងចេញពីភូមិតាមផ្លូវលំឆ្លងកាត់ភូមិប៉ោយតែប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះឈ្មោះ ចាន់ សែម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ។
ជនសង្ស័យឈ្មោះ ខេត ប៊ុនឈីញ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រ ។
ដំណើររឿង៖ មុនពេលកើតហេតុវេលាម៉ោង ៥និង១៥នាទីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៩ ម្នាក់ឯងចេញពីភូមិ ពេលមកដល់ចំណុចផ្លូវលំ ក្នុងភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ត្រូវបានជនសង្ស័យយកពូថៅកាប់ត្រូវដៃខាងស្តាំ ជនរងគ្រោះភ័យពេកក៏ផ្តួលម៉ូតូចោលរត់គេចខ្លួន ពេលនោះជនសង្ស័យបានកាប់ទៅលើម៉ូតូ បណ្តាលឲ្យខូចខាតយ៉ាងដំណំផងដែរ បន្ទាប់មកជនរងគ្រោះ ក៏បានប្តឹងនគរបាលមូលដ្ឋាន ហើយក៏ឈានដល់ចាប់ខ្លួនជនសង្ស័យទៅធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានកាប់ទៅលើជនរងគ្រោះ និងម៉ូតូមែន មុនពេលកើតហេតុខ្លួន បានកាន់ពូថៅដេញកាប់ឆ្កែឆ្កួតមិនបាន ស្របពេលជនរងគ្រោះជិះម៉ូតូមកដល់ក្បែរខ្លួនក៏កាប់ជនរងគ្រោះនិងម៉ូតូ ដែលគេផ្តួលចោលកុំឲ្យស៊យដៃ។
លោកនាយការិយាល័យ បានបញ្ជាក់ថា ផ្អែកលើបណ្តឹងជនរងគ្រោះ និងចម្លើយសារភាពរបស់ជនប្រព្រឹត្តល្មើស រួមទាំងវត្ថុតាងជាក់ស្តែងស្នាមរបួស កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាល បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕
មតិយោបល់