ព័ត៌មានជាតិ

កម្មកររោងម៉ាស៊ីនកិនស្រូវ ២នាក់ ត្រូវអគ្គិភ័យឆាបឆេះខ្លួនរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់

ភ្នំពេញៈ កម្មករម៉ាស៊ីនកិនស្រូវក្រុមហ៊ុន សហគ្រាសអង្កកម្ពុជា ២នាក់បានរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ខណៈពេលពួកគេយកប្រេងម៉ាស៊ីនទៅចាក់នៅក្នុងឡសំងួត ដើម្បីដុតយកកំដៅបណ្តាលឲ្យឆាបឆេះខ្លួនទាំង ២នាក់តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចក្នុងរោងម៉ាស៊ីនកិនស្រូវ សហគ្រាសអង្កកម្ពុជា ស្ថិតនៅតាមផ្លូវបេតុង ភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ អ៊ុល អ៊ី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មកររោងម៉ាស៊ីនកិនស្រូវ មានទីលំនៅភូមិម្លិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល (បានរងរបួសធ្ងន់)។ រីឯម្នាក់ទៀតបានរងរបួសស្រាលមិនត្រូវគេបានស្គាល់អត្តសញ្ញានោះទេ។

តាមប្រភពត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះទាំង ២នាក់បានបើកគំរបឡសន្ទះឡ ដើម្បីយកប្រេងម៉ាស៊ីនទៅចាក់ទៅក្នុងឡនោះ ខណៈដែលជះប្រេងចូលទៅក្នុងឡ ស្រាប់តែអណ្តាតភ្លើងជះចេញមកក្រៅឆាបឆេះទៅលើជនរងគ្រោះទាំង ២នាក់បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលម្នាក់។

ក្រោយពីកើតហេតុខាងក្រុមហ៊ុនបានយករថយន្តរបស់ក្រុមហ៊ុនដឹកទៅគ្រោះបន្ទាន់នៅមន្ទីពេទ្យលោកសង្ឃម្នាក់ និងម្នាក់ទៀតនៅមន្ទីពេទ្យបង្អែកសែនសុខ៕

មតិយោបល់