ព័ត៌មានជាតិ

ក្មេងប្រុស ២នាក់បងប្អូនបង្កើតត្រូវរថយន្តបុកចំពាក់កណ្ដាល បណ្ដាលឲ្យរងរបួស នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១១និង០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ តាមកំណាត់ផ្លូវជាតិលេខ៦ ក្នុងទីប្រជុំជន ត្រង់ចំណុចផ្លូវបំបែកជាបួន ចន្លោះបង្គោលខ្សែភ្លើងលេខ០២៩៧-០២៩៨ ដែលស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ដំណើរឿង៖ មុនដំបូងមានម៉ូតូមួយគ្រឿងម៉ាក Hondadream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ប៉ៃលិន 1B-2317 បើកបរដោយឈ្មោះ ថាច់ គុម្ភ: ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង៥១ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ គ្មានពាក់មួកសុវត្ថិភាព អ្នករួមដំណើរឈ្មោះ ថាច់ សីហុង ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិជាមួយគ្នាត្រូវជាប្អូនបង្កើតអ្នកបើកបរម៉ូតូ គ្មានពាក់មួកសុវត្ថិភាព ធ្វើដំណើរពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុខាងលើ បានបត់ទៅខាងឆ្វេងដៃឆ្លងផ្លូវ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY ឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-7394 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចទៅកើត ក្នុងទិសដៅស្របគ្នា ទើបបណ្ដាលរថយន្តបុកម៉ូតូចំពាក់កណ្តាលផ្នែកខាងឆ្វេង ពេញមួយទំហឹងបាក់ជើងឆ្វេងទាំង២អ្នកបងប្អូនតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួស ត្រូវបានរថយន្តសាមុយដឹក ទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់