ព័ត៌មានជាតិ

ជាងកាត់ដែកម្នាក់ត្រូវផ្លែម៉ូទ័របែកមុតបំពង់កបណ្ដាលឲ្យស្លាប់ នៅខេត្តកណ្ដាល

កណ្ដាលៈ បុរសជាជាងកាត់ដែកម្នាក់បែកផ្លែម៉ូទ័រមុតបំពង់កបណ្ដាលឲ្យស្លាប់ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨និង១០នាទី ត្រង់ចំណុចភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ធុល ធឿន ភេទប្រុស អាយុ ៣៣ឆ្នាំ (ស្លាប់) ជនជាតិ ខ្មែរមុខរបរ កម្មករ មានទីលំនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះត្រូវបានឈ្មោះ ម៉ៅ វ៉ាន់ណេ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានលំនៅភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មកហៅឲ្យជួយធ្វើទ្វារដែកផ្ទះឈ្មោះ យាន វុធ ភេទប្រុស អាយុ ៤៩ឆ្នាំ ខ្មែរ មានទីលំនៅ ក្នុងភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលមកដល់ជនរងគ្រោះបានយកម៉ូទ័រទៅកាត់ទ្វារដែកនោះភ្លាម ស្រាប់តែបែកផ្លែម៉ូទ័រមុតចំបំពង់ក បណ្តាលឲ្យដាច់ខ្យល់ស្លាប់ពេលបញ្ចូនទៅពេទ្យបង្អែកស្រុកកៀនស្វាយ។ បន្ទាប់មកក្រុមគ្រួសារបានយកសព ចេញពីមន្ទីរពេទ្យបង្អែកស្រុក យកទៅធ្វើបុណ្យនៅផ្ទះ។

ក្រោយពីទទួលបានពត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការជាមួយកម្លាំងជំនាញ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យឃុំ ចុះពិនិត្យសាកសព
បញ្ជាក់ថា៖ សាកសពមានស្លាកស្នាមមុតបំពង់កចំនួន ១កន្លែង ប្រវែង ៦សង់ទីម៉ែត្រ ជំរៅ ៦សង់ទីម៉ែត្រ។

ការសន្និដ្ឋាន ៖ ជនរងគ្រោះពិតជាស្លាប់ដោយសារបែកផ្លែម៉ូទ័រ មុតចូលបំពង់កបណ្តាលឲ្យស្លាប់ប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់