ព័ត៌មានជាតិ

ទំនាស់ពាក្យសំដីគ្នាក្នុងវង់ផឹកស៊ី បណ្ដាលឲ្យក្មេងប្រុស ២នាក់យកពូថៅកាប់បុរសម្នាក់របួសធ្ងន់

បាត់ដំបង: កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០នាទី នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយបានកើតឡើង ដែលផ្តើមចេញពីទំនាស់ពាក្យសំដីគ្នាក្នុងវង់ផឹកស៊ី រហូតឈានទៅប្រើប្រាស់ពូថៅកាប់ទៅលើជនរងគ្រោះ។

ជនរងគ្រោះឈ្មោះ ព្រុំ វឌ្ឍនា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ និងត្រូវបាននាំទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការស្តីទី ក៏ដូចជាមតិដឹកនាំរបស់លោកឧត្តមសេ នីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នគរបាលស្រុកបាណន់ដែលមានលោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី ជាអធិការនគរបាលស្រុក បានដឹកនាំធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនយុវជនជាជនដៃដល់ក្នុងករណីខាងលើបានចំនួន ២នាក់ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ។

យុវជនជាជនដៃដល់ទាំងពីរនាក់នោះមាន៖
១-ឈ្មោះ ស្វាយ លីម៉េង ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
២- ឈ្មោះ រឹម តេងហុង ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

វត្ថុតាងដកហូតមាន៖ ពូថៅចំនួនមួយដែលជនសង័្សយប្រើប្រាស់កាប់ទៅលើជនរងគ្រោះ។

នៅពេលនេះកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ កំពុងរៀបចំសំណុំរឿងបញ្ជូនតាមនីតិវិធី ទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តទៅកាន់សាលាដំបូងខេត្តបាត់ដំបង៕

មតិយោបល់