ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនយុវជនម្នាក់ បន្ទាប់ពីត្រួតពិនិត្យឃើញគឿងញៀនទម្ងន់ ១០២.១៧ ក្រាម

បាត់ដំបង: នៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០និង១៥នាទី ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមសហការណ៍ជាមួយកម្លាំងអន្តរាគមន៍ប្រចាំបញ្ជា របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ឈួយ វណ្ណ: ចេញប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិ ផ្ទុះនៅតាមដងផ្លូវសាធារណ:ក្នុងភូមិសាស្រ្តឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្នុងពេលកំពុងប្រតិបត្តិការត្រួតពិនិត្យនេះ ជនសង័្សយម្នាក់បានព្យាយាមរត់គេចខ្លួនចេញពីរង្វង់នៃការត្រួតពិនិត្យ របស់សមត្ថកិច្ចនគរបាល ។ ប៉ុន្តែសកម្មភាពរបស់ យុវជននេះមិនអាចគេចផុតពីរង្វង់ប្រតិបត្តិការរបស់ នគរបាលឡើយទីបំផុតនគរបាលបាន ធ្វើការឃាត់ខ្លួនយុវជននេះដែលមានឈ្មោះ ខាន់ ដាលីន ហៅអ៊ីន អាយុ ២០ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលនៅជាប់ខ្លួនរបស់គេមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក (ICE) មួយថង់មានទម្ងន់ ១០២.១៧ ក្រាម ។
ពេលឃាត់ខ្លួន បានដកហូតបានថ្នាំញៀនព្រមទាំងម៉ូតូមួយគ្រឿង និងទូរស័ព្ទដៃមួយផង កងកម្លាំងនគរបាលបាននាំបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការសាកសួរស្រាវជ្រាវ និងចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់