ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូទៅបុកគូទរថយន្តពីក្រោយ បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ

កណ្ដាល: នៅវេលាម៉ោង ១៧និង១៥នាទី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ជិះម៉ូតូលឿនទៅ បុកគូទរថយន្តពីក្រោយពេញទំហឹង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ សុខ ពិសី ភេទប្រុស អាយុ ២៨ឆ្នាំ (ស្លាប់) រស់នៅភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GM-4884 បានបុករថយន្ដម៉ាក BONGO ពណ៌ខៀវ ប្រភេទដឹកទំនិញ គ្មានស្លាកលេខ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានដឹងថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូខាងលើ ធ្វើដំណើរពីលិចទៅកើត បើកដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកគូទរថយន្ដមួយគ្រឿង បើកស្របទិសគ្នានៅខាងមុខពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូដួលបោកក្បាលទៅនឹងផ្លូវ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក បានចុះធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់